ភ្លើងឆេះព្រៃលេបត្របាក់អាមេរិក មនុស្សជាង ៧ពាន់នាក់រត់រកជម្រកសុវតិ្ថភាព

ម៉ិចស៊ីកូ៖ ភ្លើងឆេះព្រៃមិនអាចគ្រប់គ្រងបានចំនួនពីរ ដែលកំពុងគំរាមកំហែងរដ្ឋ New Mexico កាលពីថ្ងៃអង្គារ បានបង្ខំឱ្យប្រជាពលរដ្ឋរស់នៅតំបន់ជាង ៧,០០០នាក់រត់ភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពជាបណ្តោះអាសន្ន។

ភ្លើងឆេះព្រៃដ៏កំណាចចំនួនពីរ បានឆាបឆេះចាប់តាំងពីថ្ងៃចន្ទមកម្ល៉េះ នៅក្នុងតំបន់ជនបទមួយ ដែលស្ថិតនៅព្រំដែនប្រទេសម៉ិកស៊ិក ដោយភ្លើងបានឡោមព័ទ្ធទីក្រុង Ruidoso ជាកន្លែងដែលអ្នកស្រុកត្រូវបានជម្លៀសចេញភ្លាមៗ។ ជាមួយគ្នានេះ អភិបាលរដ្ឋ New Mexico លោកស្រី Michelle Lujan Grisham បានបង្ហោះសារនៅលើបណ្តាញ X ថា ខ្ញុំសូមជំរុញដល់អ្នករស់នៅក្នុងទីក្រុង Ruidoso និងតំបន់ជុំវិញ ឱ្យរក្សាភាពស្ងប់ស្ងាត់ និងគោរពតាមការណែនាំរបស់អាជ្ញាធរ ដើម្បីជួយកាត់បន្ថយហានិភ័យ។

លោកស្រីក៏បានប្រកាសភាពអាសន្នក្នុងតំបន់ផងដែរ។ គិតត្រឹមថ្ងៃអង្គារ ភ្លើងឆេះព្រៃទាំងពីរនេះនៅតែមិនអាចគ្រប់គ្រងបានទាំងស្រុង ដោយវាបានឆាបឆេះផ្ទៃដីអស់ប្រហែល ៨០គីឡូម៉ែត្រការ៉េ និងបានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធជាង ៥០០កន្លែង នេះបើយោងតាមមន្រ្តីពន្លត់អគ្គីភ័យរដ្ឋ New Mexico។ ទន្ទឹមគ្នា អាជ្ញាធរមានការព្រួយបារម្ភថា ខ្យល់បក់ខ្លាំងអាចបង្កភាពស្មុគស្មាញដល់កិច្ចប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃដ៏កំណាចទាំងពីរនេះ។

គួរបញ្ជាក់ថា រដ្ឋ New Mexico បានស៊ូទ្រាំនឹងគ្រោះរាំងស្ងួតអស់ពេលជាច្រើនឆ្នាំមកហើយ ដោយអ្នកវិទ្យាសាស្ត្របាននិយាយថា វាកាន់តែធ្ងន់ធ្ងរឡើងដោយសារការប្រែប្រួលអាកាសធាតុ។ កន្លែងផ្សេងទៀតនៅភាគខាងលិចសហរដ្ឋអាមេរិក រួមមានរដ្ឋកាលីហ្វ័រញ៉ា ក៏កំពុងជួបប្រទះភ្លើងឆេះដ៏ធំបំផុតប្រចាំឆ្នាំផងដែរ។ អ្នកជំនាញក៏បានអះអាងដែរថា វាអាចជាសូចនាករនៃរដូវភ្លើងឆេះព្រៃដ៏ខ្លាំងក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលជារដ្ឋមានប្រជាជនច្រើនជាងគេបំផុតរបស់សហរដ្ឋអាមេរិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner