សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ច នៅវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង (Nanyang Polytechnic) នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤ ។

វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង ត្រូវបានបង្កើតឡើង ជាគ្រឹះស្ថានឧត្តមសិក្សាក្នុងឆ្នាំ ១៩៩២  និងជាទីតាំងសម្រាប់ សាលាសិក្សាចំនួន ៦ ដែលផ្តល់ការអប់រំ និងបណ្តុះបណ្តាលកម្រិតខ្ពស់ តាមរយៈវគ្គសិក្សាពេញម៉ោង ចំនួន ៣៧ និងកម្មវិធីសិក្សាទូទៅ ។ លើសពីនេះ វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង ក៏ផ្តល់នូវជម្រើស ដ៏សម្បូរបែបសម្រាប់ការអប់រំ និង ការបណ្តុះបណ្តាលបន្ត (CET) សម្រាប់ការសិក្សាពេញមួយជីវិត ដែលរួមមាន ឯកទេស និងសញ្ញាបត្រកម្រិតខ្ពស់ ព្រមទាំងវគ្គសិក្សាជំនាញ សម្រាប់អនាគត (SkillsFuture) ។

វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង អនុវត្តតាមគោលការណ៍សំខាន់ចំនួន ៣៖ (ទី១) ការបណ្តុះបណ្តាលជំនាញដល់សិក្ខាកាម ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ឧស្សាហកម្ម និងសហគ្រាស-Industry Focus, (ទី២) ការសិក្សា ជាមួយនឹងការអនុវត្តជាក់ស្តែង ដែលការបណ្តុះបណ្តាលលើសមត្ថភាព និងជំនាញ ឈរលើមូលដ្ឋាននៃការរៀនបណ្តើរ និងការអនុវត្តជាក់ស្តែងបណ្តើរ និង (ទី៣) ការពង្រឹងយន្តការនៃការរៀនសូត្រពេញមួយជីវិត(Life-long learning) ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ ប្រកបដោយភាពបត់បែន និងតាមតម្រូវការជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភាពបន្ថែមតាមរយៈការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។

ចំណុចពិសេស នៃភាពជោគជ័យរបស់វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង គឺការផ្តោតលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដ៏ជិតស្និទ្ធរវាងឧស្សាហកម្មក្នុងវិស័យនានានៃសេដ្ឋកិច្ចជាតិ និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស តាមរយ:កិច្ចសហការ ក្នុងស្មារតីយោគយល់ នីងទទួលខុសត្រូវខ្ពស់ ទាំងក្នុងការរៀបចំកម្មវិធីសិក្សា ការសិក្សាអនុវត្តជាក់ស្តែង និង ទាំងការចំណាយថវិការួមគ្នាលើកម្មវិធីសិក្សា ជាដើម ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner