១៨ថ្ងៃនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ប្រមូលថវិកាបរិច្ចាគចំនួនជាង ២លាន ៧២ម៉ឺនដុល្លារ (Video Inside)

មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគចំនួន ២លាន ៧២ម៉ឺន ៥២៨ដុល្លារ ក្នុងរយៈពេល ១៨ថ្ងៃ។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេលមួយខែ ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ឆា ក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាប់ផ្តើមដំណើរការរបស់ខ្លួន កាលពីថ្ងៃទី១មិថុនា។

អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ចន ណារិទ្ធ ដែលជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជានាយកប្រតិបត្តិ នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៤ ក្នុងបរិវេណក្រសួងព័ត៌មាន។

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេល១៨ថ្ងៃមកនេះ មានអ្នកគាំទ្រចំនួនជាង ១៧ម៉ឺននាក់ហើយ។ មន្ត្រីគ្រប់គ្រងថវិកាបានថ្លែងថា គិតជាមធ្យមក្នុងរយៈពេលមួយម៉ោង មូលនិធិបានទទួលប្រាក់បរិច្ចាកយ៉ាងហោច ១ពាន់ដុល្លារ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណចំពោះការគាំទ្រ «យ៉ាងផុលផុស» ចំពោះយុទ្ធនាការនេះ ក្នុងស្មារតីសាមគ្គីភាព “ខ្មែរជួយខ្មែរ” របស់ប្រជាជាតិទាំងមូល។

លោកជំទាវបណ្ឌិត បានអំពាវនាវដល់សប្បុរសជន ដែលមានបំណងចូលរួមបរិច្ចាគ ក្នុងយុទ្ធនាការ នៃការរក្សានិរន្តរភាពកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាបន្តចូលរួមគាំទ្ររហូតដល់ថ្ងៃបិទយុទ្ធនាការ។

ads banner