សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដាក់ញ្ញត្តិតវ៉ាមុខសង់ត្រាល់

ថ្នាក់ដឹកនាំនៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC នឹងយកញ្ញត្តិតវ៉ា ហើយធ្វើសន្តិសីទសាព័ត៌មាននៅមុខមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ឬហៅកាត់ថា សង់ត្រាល់ (Central) នៅព្រឹកថ្ងៃទី២០ ខែមិថុនាឆ្នាំ ២០២៤។

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានឱ្យដឹងថា គោលបំណងនៃការធ្វើសន្នីសីទកាសែតនេះដើម្បីបដិសេធនូវរបាយការណ៍របស់អង្គការសង់ត្រាល់ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ ដោយមានចរិតអុជអាល ចង់បំផ្លាញសន្តិភាព និងធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់កម្មករនិយោជិត។

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានដាក់លិខិតជូនលោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ «សង់ត្រាល់» ស្នើសុំកែតម្រូវខ្លឹមសារ លើរបាយការណ៍ចេញផ្សាយថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដែលខ្លឹមសារ នៃរបាយការណ៍នេះមិនបានឆ្លុះបញ្ចាំងពីការពិត និងមិនមានមូលដ្ឋានច្បាស់លាស់ដែលធ្វើឱ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករ និយោជិតនៅ កម្ពុជាទាំងមូល ដែលផ្ទុយទាំងស្រុងទៅនិងសភាពជាក់ស្តែង និងមិនរំលេចទាល់តែសោះ នូវសមិទ្ធផលវិជ្ជាមានជាច្រើន ដែលជាវឌ្ឍនភាពលក្ខណ្ឌការងាររួមរបស់កម្មករនិយោជិត និងសហជីពនៅកម្ពុជា។

សហភាពសហជីពសុភមង្គលកម្មករកម្ពុជាបានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» បានចេញរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសហជីពឯករាជ្យកម្ពុជា នៅតែប្រឈមឧបសគ្គរារាំងហើយថា សង់ត្រាល់ បានធ្វើការសម្ភាសដោយវាយតម្លៃពីស្ថានភាពកម្មករ និងសហជីពក្នុងរោងចក្រចំនួន១៤ ដែល ស្ថិតក្រោមកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្តរជាតិ (ILO-BFC) ក្នុងចំណោម សហជីពចំនួន ១៤នេះ មានសហជីពចំនួន១០ រងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការ បៀតបៀន និងការដាក់ក្នុងបញ្ជីខ្មៅដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការបំពេញការងាររបស់ពួកគេ ហើយ ក៏បានទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញ ដើម្បីកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងារ របស់កម្មករ-និយោជិត និងសហជីព។

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា យល់ឃើញថាខ្លឹមសារ នៃរបាយការណ៍ខាងលើនេះវាមិនបានឆ្លុះបញ្ចាំងពីការពិត និងមិនមានមូលដ្ឋានច្បាស់លាស់ដែលធ្វើឲ្យប៉ះពាល់កិត្តិយសជាតិប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់ កម្មករ និយោជិតនៅកម្ពុជាទាំងមូល។

យើងខ្ញុំទាំងអស់គ្នាជាតំណាងកម្មករ-និយោជិត មានការព្រួយបារម្មណ៍យ៉ាងខ្លាំងពីផលប៉ះពាល់ដល់ស្ថិរ ភាពការងារ និងផលប្រយោជន៍របស់កម្មករ ទើបយើងខ្ញុំស្នើសុំដោយទទួចដល់ លោកនាយក សង់ត្រាល់ ដើម្បីធ្វើការកែរសម្រួលរបាយការណ៍របស់ខ្លួនឡើងវិញ ដោយបង្ហាញនូវសមិទ្ធិផលវិជ្ជាមានជាច្រើន ដែលជាវឌ្ឍន ភាពលក្ខណ្ឌការងាររួមរបស់កម្មករនិយោជិត និងសហជីពនៅកម្ពុជា។

ក្នុងករណីដែលនាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស មិនមានកែរសម្រួលរបាយការណ៍តាមការស្នើសុំរបស់យើងខ្ញុំទេ យើងខ្ញុំ និងសរសេរលិខិតទៅម្ចាស់ជំនួយ និងក្រសួងមហារផ្ទៃ ដើម្បីធ្វើការពិនិត្យពីការអនុលោមភាពនៃលក្ខន្តិកៈរបស់ សង់ត្រាល់ និងការអនុលោមភាពច្បាប់នានានៅកម្ពុជា ហើយចុងក្រោយយើងខ្ញុំនិងប្រមូលផ្តុំកម្មករ និយោជិត ដើម្បីធ្វើការតវ៉ាទ្រង់ទ្រាយធំនៅមុខ ការិយាល័យ សង់ត្រាល់ និងក្រសួងមហាផ្ទៃដើម្បីស្នើសុំឲ្យបិទការិយាល័យ របស់សង់ត្រាល់តែម្តង។
ដោយ៖ពលជ័យ

ads banner