ឯកឧត្តម ប្រាក់ សុខុន៖ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលីនៅតែរឹងមាំ និងកាន់តែរីកចម្រើនថែមទៀត

ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា បានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា និងអូស្ត្រាលីនៅតែរឹងមាំ និងកាន់តែរីកចម្រើនថែមទៀត ជាពិសេសទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ Tiffany McDonald ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអាស៊ាន ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រាក់ សុខុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនលោកជំទាវឯកអគ្គរដ្ឋទូត និងបានអបអរសាទរចំពោះជោគជ័យនៃកិច្ចប្រជុំកំពូលពិសេសអូស្ត្រាលី- អាស៊ាន នៅទីក្រុងម៉ែលប៊ននាខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ ដើម្បីអបអរខួបអនុស្សាវរីយ៍ លើកទី៥០នៃទំនាក់ទំនងភាពជាដៃគូអាស៊ាន-អូស្ត្រាលី។ ឯកឧត្តម ក៏បានថ្លែងអំណរគុណ ចំពោះអូស្ត្រាលី ដែលបានគាំទ្រកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំ២០២២។

ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា ប្រមាណជាង១ពាន់លានដុល្លារ ចាប់ពីឆ្នាំ១៩៩២ដល់ឆ្នាំ២០២២ លើវិស័យសំខាន់ៗមួយ ចំនួនរួមមាន វិស័យអប់រំ កសិកម្ម សុខាភិបាល និងសកម្មភាពមីន ដែលបានរួមចំណែកឱ្យកម្ពុ ជាឈានទៅសម្រេចនូវគោលដៅ «កម្ពុជាគ្មានមីន២០២៥»។ ក្នុងឱកាសនៃជំនួបនេះផងដែរ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូន ឯកឧត្តម ប្រាក់ សុខុន ដែលបានអនុញ្ញាតឱ្យលោកជំទាវចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវ បានជម្រាប ឯកឧត្តម អនុប្រធានទី១ ផងដែរថា នេះជា ទស្សនកិច្ចលើកទី១របស់លោកជំទាវមកកាន់កម្ពុជា និងជាឱកាសដែលលោកជំទាវអាចស្វែង យល់ដោយផ្ទាល់ និងស៊ីជម្រៅថែមទៀតអំពីទំនាក់ទំនងរវាងអូស្ត្រាលីនិងអាស៊ាន តាមបណ្តា ប្រទេសនានាជាសមាជិក។ លោកជំទាវ បានបន្តថា អូស្ត្រាលីនឹងបន្តគាំទ្រមជ្ឈភាពអាស៊ាន និង យន្តការដែលដឹកនាំដោយអាស៊ាន។

ឯកឧត្តម ប្រាក់ សុខុន និង លោកជំទាវ Tiffany McDonald ក៏បានបន្តពិភាក្សាគ្នាអំពី បញ្ហាប្រឈមនានានៅក្នុងតំបន់រួមមាន បញ្ហាសមុទ្រចិនខាងត្បូងនិងវិបត្តិនៅមីយ៉ាន់ម៉ា។ ចំពោះ បញ្ហាសមុទ្រចិនខាងត្បូង ឯកឧត្តម អនុប្រធានទី១ បានមានប្រសាសន៍ថា កម្ពុជាមិនមែនជាភាគីជម្លោះ ហើយកម្ពុជាបានរក្សាជំហរអព្យាក្រឹតនៅក្នុងបញ្ហានេះ និងបានស្នើឱ្យភាគីពាក់ព័ន្ធទាំង អស់ ដោះស្រាយទំនាស់ដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ រួមមានអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (1982 UNCLOS) និងសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិនៃបណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DoC) ដែលបានអនុម័តនៅកម្ពុជាក្នុង ឆ្នាំ២០០២ ព្រមទាំងបានជម្រុញការបញ្ចប់ការចរចារលើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (CoC) ឱ្យបានឆាប់ មានខ្លឹមសារស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពផងដែរ។ ជាមួយគ្នានេះ ផងដែរ លោកជំទាវ Tiffany McDonald បានឆ្លើយតបថា អូស្ត្រាលីក៏មិនមែនជារដ្ឋទាមទារឫក៏ ជាភាគីជម្លោះដែរ ហើយអូស្ត្រាលីក៏ប្រកាន់ជំហរដូចនឹងកម្ពុជា ដែលចង់ឱ្យភាគីពាក់ព័ន្ធទាំង អស់ដោះស្រាយជម្លោះដោយសន្តិវិធីផ្អែកលើគោលការណ៍នៃច្បាប់អន្តរជាតិ។

ចំពោះបញ្ហានៅមីយ៉ាន់ម៉ា ឯកឧត្តម ប្រាក់ សុខុន បានជម្រាប លោកជំទាវឯកអគ្គរដ្ឋទូត ថាកម្ពុជាតែងតែមានបំណងក្នុងការជួយជ្រោមជ្រែងស្វែងរកដំណោះស្រាយ ដើម្បីឱ្យមីយ៉ាន់ម៉ា អាចវិលត្រឡប់ទៅរកប្រក្រតីភាពនយោបាយឡើងវិញ។ ឯកឧត្តម អនុប្រធានទី១ បានជម្រាប បន្ថែមថា ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយនឹងឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីផ្លាស់ប្តូរយោបល់និង ស្វែងយល់បន្ថែមពីស្ថានភាពជាក់ស្តែង។

មុននឹងបញ្ចប់ ឯកឧត្តម ប្រាក់ សុខុន ក៏បានជម្រាបជូន លោកជំទាវ Tiffany McDonald ផងដែរអំពីតួនាទីរបស់ព្រឹទ្ធសភាកម្ពុជាក្នុងនីតិកាលទី៥នេះ ជាពិសេសក្នុងការ ជំរុញការទូតសភា ដែលជាអាទិភាពមួយរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែល ជាអតីតនាយករដ្ឋមន្ត្រី និងជាអ្នកការទូតជាន់ខ្ពស់ទី១របស់កម្ពុជាក្រោយឆ្នាំ១៩៧៩។ អាស្រ័យ ហេតុនេះ ព្រឹទ្ធសភាកម្ពុជានឹងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងវិស័យការបរទេសរបស់កម្ពុជា ដើម្បីពង្រឹងមិត្តភាពជាមួយមិត្តចាស់ និងបង្កើនមិត្តថ្មី។ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា បានបន្តថា បច្ចុប្បន្ននេះ ព្រឹទ្ធសភាកំពុងដឹកនាំការងារក្នុងក្របខ័ណ្ឌអន្តរសភាមួយ ចំនួន ដែលក្នុងនោះរួមមានក្របខ័ណ្ឌសភាប្រើភាសាបារាំង (Association Parlementaire Francophone) ហើយនៅខែកក្កដានេះ ឯកឧត្តម នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ សភាកម្ពុជាចូលរួមក្នុងមហាសន្និបាត APF លើកទី៤៩ នៅប្រទេសកាណាដា។

លោកជំទាវ Tiffany McDonald ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអាស៊ាន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ប្រាក់ សុខុន ដែលបានចំណាយពេលដ៏មានតម្លៃទទួល ជួបពិភាក្សាប្រកបដោយផ្លែផ្លាក្នុងដំណើរទស្សនកិច្ចរយៈពេលខ្លីនេះ៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

ads banner