ឯកឧត្តម ចាយ បូរិន នាំយកវត្ថុអនុស្សាវរីយ៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងផ្តាំផ្ញើរសួរសុខទុក្ខ ជូនឯកឧត្តម ហេង តៃគ្រី ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន
ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំប្រតិភូ អញ្ជើញសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជា ជូនឯកឧត្តម ហេង តៃគ្រី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលកំពុងសម្រាកព្យាបាលជម្ងឺ នៅគេហដ្ឋាន ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។
លោកជំទាវ ខៀវ វណ្ណា ដែលជាភរិយា ឯកឧត្តម ហេង តៃគ្រី មានប្រសាសន៍ថា ៖ នាងខ្ញុំនិងក្រុមគ្រួសារពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា មិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ នាងខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈឯកឧត្តម ចាយ បូរិន ដែលបានដឹកនាំប្រតិភូមកសួរសុខទុក្ខស្វាមីនាងខ្ញុំដល់លំនៅដ្ឋាន។
នាងខ្ញុំនិងក្រុមគ្រួសារពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំតាមប្រពៃណីដ៏ល្អផូរផង់បន្តពីសម្តេចតេជោ ហ៊ុន សែន គឺការយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យ ទំាងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។
លោកជំទាវក៏បានបញ្ជាក់ពីការគាំទ្រនិងមានជំនឿយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញ និងកំណត់នូវចក្ខុវិស័យ ផែនការយុទ្ធសាស្រ្តច្បាស់លាស់ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។
ជាមួយគ្នានោះ ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តមហេង តៃគ្រី និងក្រុមគ្រួសារ ។
លោកជំទាវក៏បានរំលឹកពីប្រវត្តិ និងអនុស្សាវរីយ៍ជាច្រើនដែលឯកឧត្តម ហេង តៃគ្រី ធ្លាប់បានឆ្លងកាត់ និងការបំពេញការងារជូនជាតិមាតុភូមិ ផ្នែកវិស័យសុខាភិបាល ដើម្បីជាបទពិសោធន៍ចែកជូនដល់យុវជនជំនាន់ក្រោយ។
លោកជំទាវបានរម្លឹកថា៖ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ឯកឧត្តម ហេង តៃគ្រី បានចូលបម្រើការងារនៅមន្ទីរពេទ្យបដិវត្តន៍ផ្នែកវះកាត់ ជានាយកមន្ទីរពេទ្យកាល់ម៉ែត សមាជិកក្រុមប្រឹក្សាភិបាលសាស្ត្រាចារ្យសាលាពេទ្យ សមាជិកគណៈកម្មការកណ្តាលកាកក្របាទក្រហមកម្ពុជា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា រដ្ឋលេខាធិការក្រសួងសុខាភិបាល ។
ឯកឧត្តម ចាយ បូរិន និងក្រុមការងារក៏បានប្រគល់ជូនវត្ថុអនុស្សារីយ៍ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ ឯកឧត្តម ហេង តៃគ្រី និងសូមជូនពរដល់ឯកឧត្តមទទួលបានសុខភាពល្អ ប្រសើរ ៕
ដោយ ហេង សម្បត្តិ