ដើមម្ជុល ឬ ដើមស្រូយ និងផ្កាបំពង់ក្រឡោមជាទីទាក់ចាប់អារម្មណ៍របស់ភ្ញៀវទេសចរលើឧទ្យានជាតិព្រះមុនីវង្ស”ភ្នំបូកគោ”
ភ្នំពេញ៖ ក្រៅពីដើមបំពង់ក្រឡោម នៅលើឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ក្នុងទឹកដី ខេត្ត កំពត ក៏មានរុក្ខជាតិដ៏ពិសេសម្យ៉ាងឈ្មោះដើមម្ជុល ឬដើមស្រូយក៏ជាប្រភេទរុក្ខជាតិ ពិសេស មួយប្រភេទទៀតដែលអ្នកទេសចរតែងស្វែងរកទស្សនា និងថតរូបជាអនុស្សាវរីយ៍។
ដើមម្ជុល ឬ ដើមស្រូយគឺជារុក្ខជាតិដុះនៅតំបន់ត្រជាក់ដូចគ្នានឹងផ្កាបំពង់ក្រឡោម ហើយអាយុកាលរបស់ដើមរុក្ខជាតិប្រភេទនេះរាប់ពាន់ឆ្នាំ បើទោះបីយើងមើលទៅឃើញដើមវាតូច និងហាក់ដូចជាដើមឈើទូទៅពុំមានអ្វីប្លែកក៏ ក្តី។ ដើមម្ជុល ឬ ដើមស្រូយបានដុះនៅលើភ្នំបូកគោ និងជាញឹកញាប់ផងដែរដែលអ្នកទេសចរតែងស្វែងដើររកទស្សនាបើទោះបីវាពុំល្បីល្បាញ ដូចផ្កាបំពង់ក្រឡោមក្តី។
បើតាមការសង្កេតដើមម្ជុលឬដើមស្រូយ មានស្លឹករាងដូចម្ជុល ម្ល៉ោះហើយទើបវាត្រូវបានគេនិយមហៅថា ដើមម្ជុល។វាមានលក្ខណដូចគ្នានឹងដើមស្ងាវ តែខុសត្រង់ស្លឹកវាមិនស្រួចពេកប៉ុណ្ណោះ។វាជាប្រភេទជាដើមកម្រ និងមានស្លឹកស្រស់ស្អាត។វាត្រូវបានគេឃើញដុះតែតំបន់វាលស្រែ៥០០។
លោក កែវ សិទ្ធ នាយកផ្នែកលក់ នៃ ក្រុមហ៊ុន សណ្ឋាគារសុខាអូតែល បានប្រាប់ឱ្យដឹងថា ដើមម្ជុល ឬ ដើមស្រូយនេះ ជារុក្ខជាតិកម្រមួយប្រភេទ ដែលកន្លងមកមានអ្នកស្គាល់មិនច្រើនទេ។វាមានអាយុកាលរាប់ពាន់ឆ្នាំ ហើយជាប្រភេទដើមរុក្ខជាតិដ៏មានឈ្មោះ និង វាជាដើមរុក្ខជាតិដ៏សំខាន់មួយនៅលើភ្នំបូកគោសម្រាប់ទាក់ទាញភ្ញៀវទេសចរ។
លោក កែវ សិទ្ធថាដើមម្ជុលជារុក្ខជាតិកម្រ និងគេបានអភិរក្សយ៉ាងត្រឹមត្រូវ ។ ក្រៅពីនេះវាក៏ជារុក្ខជាតិពុំឃើញ មានដុះច្រើនដែរ ពោលគឺមានជាង ១០ដើមប៉ុណ្ណោះនៅតំបន់មួយនេះ ។
គួរបញ្ជាក់ថាបើ មន្រ្តីនៃខេត្តកំពតឱ្យដឹងថា៖ភ្ញៀវទេសចរណ៍មកកម្សាន្តភ្នំបូកគោក្នុងមួយខែចំនួន ៤ម៉ឺនទៅ៥ម៉ឺននាក់ក្នុងមួយខែ ហើយបើប្រៀបធៀបគឺកើនឡើងដោយកាលពីមុននេះចំនួនភ្ញៀវទេសចរមកកាន់ឧទ្យាជាតិភ្នំបូកគោប្រមាណ១៥០០០ដល់២០០០០នាក់។
ក្រសួងបរិស្ថាននាកន្លងមកបានអំពាវនាវ ដល់ភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តទៅតាមឧទ្យានជាតិ និងតំបន់ទេសចរធម្មជាតិនានា ត្រូវចេះស្រលាញ់ធម្មជាតិ ចូលរួមអភិរក្សធម្មជាតិ និងជីវចម្រុះ ដើម្បីរក្សាឱ្យបាននូវនិរន្តរភាពក្នុងវិស័យទេសចរណ៍ និងមិនត្រូវបេះផ្កាឬរក្ខជាតិតាមតំបន់ការពារធនធានធម្មជាតិ ដែលនាំឱ្យបាត់បង់ពូជរុក្ខជាតិរបស់ខ្មែរយើងឡើយ៕
ដោយ ៖ ម៉ាដេប៉ូ
រូប ៖ លោក ជីម ភារ៉ា