សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធខួបនៅតំបន់កោះថ្ម X16 នេះ គឺដើម្បីរំលឹកដល់គម្រូវីរភាព នៃវីរជនយើង ឈានទៅផ្ដួលរំលំរបបប៉ុលពត
ត្បូងឃ្មុំ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការប្រារព្ធខួបនៅតំបន់កោះថ្ម X16 នេះ គឺដើម្បីរំលឹកដល់គម្រូវីរភាពនៃវីរជនយើង បានពលីកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ឈានទៅផ្ដួលរំលំរបបប៉ុលពត ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត «២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤» នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដែលបច្ចុប្បន្ន តំបន់នេះ កំពុងបន្តអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន ។
ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទោះបីជាប្រទេសជាតិយើង មានការរីកចម្រើនលើគ្រប់វិស័យក៏ដោយ ក៏រាជរដ្ឋាភិបាល នៅតែដឹងគុណជានិច្ច ចំពោះបុព្វហេតុនៃការលះបង់គ្រប់បែបយ៉ាង របស់បងប្អូនជនរួមជាតិទាំងអស់ តាមរយៈការរៀបចំទិវា នៃការចងចាំនេះជារៀងរាល់ឆ្នាំ ។
សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅកោះថ្ម ដែលតែងតែជឿជាក់ និងផ្តល់ទំនុកចិត្តដល់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កន្លងទៅនេះ ។
សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការប្រារព្ធខួបលើកទី៤៧នេះ គឺដើម្បីរំលឹកដល់គម្រូវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានពលីកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង ។
សូមរំលឹកថា ថ្ងៃទី២០ ខែមិថុនា គឺជាទិវាប្រវត្តិសាស្រ្តដែលជាចំណុចចាប់ផ្តើមនៃដំណើរឆ្ពោះទៅរកការសង្រ្គោះជាតិ ។ រឿងដែលគេឧស្សាហ៍ធ្លាប់ឃើញក្នុងខ្សែភាពយន្ត បានកើតឡើងពិតៗនៅកម្ពុជា ក្នុងទឹកដីនៃតំបន់ x-១៦ ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ថ្ងៃនេះ កាលពី៤៧ឆ្នាំមុន នៅចំពោះមុខមហាវិនាសកម្មនៃអំពើប្រល័យពូជសាសន៍ យុទ្ធជនដ៏អង់អាចក្លាហាន បានងើបឡើងស្វែងរកការរំដោះជាតិ ជួយសង្រ្គោះអាយុជីវិតជាបន្តបន្ទាប់ ។ សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គពិតក្នុងបេសកកម្ម «សំណាងមួយក្នុងមួយម៉ឺនគ្រោះថ្នាក់» នេះ ។ នេះជាចំណុចដែលបាននាំទៅដល់ការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិ និងការរំដោះជាតិចេញពីរបបខ្មែរក្រហមដោយជោគជ័យនៅថ្ងៃ ៧ មករា ១៩៧៩ ។
៤៧ឆ្នាំក្រោយ ព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយខ្លួនពីវាលពិឃាត សោកនាដកម្ម ទៅជាទឹកដីសន្តិភាព ពោរពេញដោយការអភិវឌ្ឍ ដែលប្រជាពលរដ្ឋកំពុងរស់នៅប្រកបដោយសុខដុមរនា អាចបំពេញកិច្ចការ ដើម្បីឈោងចាប់ក្តីស្រមៃរបស់ខ្លួន។ អ្វីគ្រប់យ៉ាងដែលយើងបានទទួលនេះ គឺបានកើតចេញពីពលិកម្មដ៏ខ្ពង់ខ្ពស់របស់យុវជនជំនាន់មុន ដែលមិនបោះបង់ចោលជាតិសាសន៍របស់ខ្លួន នៅចំពោះមុខការបំផ្លិចបំផ្លាញ និងសម្លាប់រង្គាល ហើយបានតស៊ូប្តូរផ្តាច់ រហូតទទួលបានជ័យជម្នះជូនជាតិមាតុភូមិ និងប្រជាជន ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ