សម្ដេចតេជោ ហ៊ុន សែន ៖៤៧ឆ្នាំមុនយើងមានតែជីវិតប៉ុណ្ណោះធ្វើដើមទុន ដើម្បីប្តូរការរស់រានរបស់ប្រជាជន
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជារំលឹកពីអនុស្សាវរីយ៍នៃថ្ងៃគេចខ្លួនចេញពីរបបក្រហមទៅស្វែងរកការតស៊ូដើម្បីរំដោះជាតិនិងប្រជាជនពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។
លើបណ្ដាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា”ទោះពេលវេលាបានកន្លងហួសរយៈពេល៤៧ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះកាលពីថ្ងៃ២០មិថុនា១៩៧៧ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់។ពិតជាខ្លោចផ្សានិងឈឺចាប់រកពាក្យនិយាយមិនបាន”។
សម្ដេចតេជោបន្តថា “យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។
ប្រសិនខ្ញុំស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល៤៥ឆ្នាំកន្លងមកនេះ?។យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។យកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយឈ្នះ ឈ្នះ។
សម្តេចតេជោ ហ៊ុន សែនបានបន្ថែមនៅឃ្លាចុងក្រោយថា”យកអំណាចទៅប្តូរជាមួយសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។ចូលចងចាំថាគ្មានជោគជ័យឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ”។
នៅព្រឹកថ្ងៃនេះដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញជាអធិបតីពិធីរម្លឹកពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) និងពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។
នៅទីនោះសម្តេចធិបតីបានលើកឡើងថា រយៈពេល៤៧ ឆ្នាំនៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ដែលសម្តេចតេជោ ហ៊ុន សែន កាលនៅជាយុទ្ធជន ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ពីរបបដ៏សែនឃោរឃៅប្រល័យពូជសាសន៍ ប៉ុល ពត ។
សម្តេចធិបតី បានបន្ថែមថា ទោះបីរយៈពេល ៤៧ឆ្នាំកន្លងទៅ ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនៅកម្ពុជា ពោលគឺថ្ងៃទី២០ ខែមិថុនា បានកំណត់ជាទិវានៃដំណើរឆ្ពោះទៅកាន់ការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលប្រជាជនកម្ពុជាគ្រប់ៗរូប តែងតែចងចាំជានិច្ច ជាការគោរពដឹងគុណូបការៈដ៏ធំធេង របស់ សម្តេចតេជោ ជាបិតាស្ថាបនិកសន្តិភាព និងអគ្គមគ្គុទេសក៏ឯកដ៏ឆ្នើម និងប្រតិបត្តិករដ៏ទៃទៀត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងតាមរយៈការចេញនូវ «នយោបាយឈ្នះ ឈ្នះ» ដែលបានបញ្ចប់សង្គ្រាមទាំងស្រុង បង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ រដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ ដោយនាំមកនូវសន្តិភាពពេញលេញ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការស្តារ កសាង និងធានាបាននិរន្តរភាព នៃការអភិវឌ្ឍសង្គម ៕
ដោយ៖វណ្ណលុក