សម្តេចពិជ័យសេនា ទៀ បាញ់៖ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺមានសារៈសំខាន់ណាស់ និងមិនអាចបំភ្លេចបានទេ

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថ្លែងថា ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រឡ័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤) គឺមានសារៈសំខាន់ណាស់។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ មានការរៀបចំប្រារព្ធពិធីរំលឹកខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រឡ័យពូជសាសន៍ ប៉ុល ពត ដូចដែលបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ពីព្រោះវាមានអត្ថន័យធំធេងណាស់ គឺមិនអាចបំភ្លេចបានទេ ដោយនៅតែបន្តរំលឹកដោយហ្មត់ចត់ជាទីបំផុត រួមជាមួយនឹងការនឹកនាដល់អង្គភាព១២៥ ដែលបាននាំអដ្ឋិធាតុមកតម្កល់នៅចេតីយ៍តំបន់ប្រវត្តិសាស្ត្រតេជោកោះថ្មអ៊ិច១៦ ហើយក៏មានការគោរពវិញ្ញាណក្ខន្ធ។

សូមជម្រាបថា ទីតាំងកោះថ្ម ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ គឺជាចំណុចចាប់ផ្តើមដំបូងបង្អស់ នៃដំណើរឆ្ពោះទៅរកការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន ៤រូប គឺលោក នុច ថន, ញឹក ហួន, ស៊ូ គីមស្រ៊ាង និង វ៉ា ប៉ោអ៊ាន បានភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយឧបត្ថម្ភក្នុងការរំដោះជាតិកម្ពុជា ចេញពីរបបប្រល័យពូជសាន៍ ប៉ុល ពត។

ប្រវត្តិរបស់សមមិត្ត ហ៊ុន សែន និងសមមិត្តរួមដំណើរផ្សេងៗទៀត មិនអាចបំភ្លេចបាននោះឡើយ ខណៈការយកជីវិតទៅប្រថុយប្រថានជាមួយបរទេស (ស្នើសុំកម្លាំងវៀតណាម) ដើម្បីជួយ រំដោះប្រទេសជាតិឱ្យរួចផុតពីរបបដ៏សាហាវរបស់ខ្មែរក្រហម ហើយបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។

យោងតាមឯកសារដែលបានចងក្រងដោយក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានឱ្យដឹងថា កាលពីជាង ៤០ឆ្នាំមុនសមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន ០៤ រូប ផ្សេងទៀត គឺមានសមមិត្ត នុច ថន, សមមិត្ត ញឹក ហួន, សមមិត្ត សាន សាញ់, និងសមមិត្ត វ៉ា ប៉ោអ៊ាន បាន ចាប់ផ្ដើមធ្វើដំណើរ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នៅតំបន់កោះថ្ម ឃុំទន្លួង ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នស្ថិតនៅខេត្តត្បូងឃ្មុំ) ដើម្បីស្នើសុំកម្លាំងភាគីវៀតណាម ឱ្យមកជួយរំដោះប្រទេសជាតិខ្មែរទាំងមូល ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ តាមឯកសារបានបញ្ជាក់ឱ្យដឹងទៀតថា សមមិត្ត ហ៊ុន សែន និងសមមិត្តដទៃទៀត បានធ្វើដំណើរជាមួយនឹងកាំភ្លើង ៣ដើម គ្រាប់បែក២គ្រាប់ និងកាំបិតខ្វែវមួយដើម ហើយការសម្រេចចិត្តរបស់សមមិត្តទាំងអស់នេះ គឺជាការចាកចេញដោយការឈឺចាប់ តែមានទឹកចិត្តមុះមុតដោយ សម្រេចចិត្តយកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ ដ៏សាហាវយង់ឃ្នងនេះ។ «ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» បានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឱ្យកូនចៅ ជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ប៉ែន បូណា

ads banner