ថៃកំណត់គោលដៅបង្កើតកម្លាំងពលកម្មដល់ ២៨ម៉ឺននាក់ក្នុងពេល ៥ឆ្នាំ

បាងកក៖ ថ្មីៗនេះ រដ្ឋាភិបាលថៃមានបំណងបង្កើតកម្លាំងពលកម្មចំនួន ២៨០,០០០នាក់នៅក្នុងឧស្សាហកម្មជឿនលឿនក្នុងរយៈពេល ៥ឆ្នាំខាងមុខ រួមជាមួយនឹងប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រការវិនិយោគថ្មីៗ ដើម្បីជួយឱ្យថៃក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាកម្រិតខ្ពស់។

រដ្ឋាភិបាលថៃបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសថៃចង់បង្កើតកម្លាំងពលកម្មចំនួន ៨០,០០០នាក់នៅក្នុងឧស្សាហកម្មបន្ទះឈីប, ១៥០,០០០នៅក្នុងឧស្សាហកម្មឡានអគ្គិសនី (EVs) និង ៥០,០០០នាក់នៅក្នុងឧស្សាហកម្មបញ្ញាសិប្បនិម្មិត (AI)។

ឧបនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការច្នៃប្រឌិតដែលប្រើប្រាស់កាលពីអតីតកាល កំពុងត្រូវបានជំនួសដោយបច្ចេកវិទ្យាទំនើបៗជាច្រើន រួមទាំងឡានអគ្គិសនី (EVs) និងបញ្ញាសិប្បនិម្មិត AI ដែលប្រទេសថៃមានមូលដ្ឋានគ្រឹះដ៏រឹងមាំ និងការត្រៀមខ្លួនរួចជាស្រេចដើម្បីសាងសង់។

ឧបនាយករដ្ឋមន្ត្រីថៃរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំសូមអញ្ជើញប្រជាជនថៃទាំងអស់ ដែលមានបំណងចង់រៀន និងអភិវឌ្ឍខ្លួនចូលរួមក្នុងកម្មវិធីទាំងនេះ ដើម្បីបង្កើនជំនាញខ្លួនឯង សម្រាប់ការងារក្នុងឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ និងជួយផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្មជាមួយគ្នា។

រដ្ឋមន្ត្រីក្រសួងអប់រំឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ថៃ លោកស្រី Supamas Issaraphakdee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលគ្រោងបង្កើត និងអភិវឌ្ឍកម្លាំងពលកម្មនៅគ្រប់កម្រិត រួមទាំងក្នុងវិស័យឧស្សាហកម្ម ក៏ដូចជាអ្នកស្រាវជ្រាវ និងនិស្សិតបញ្ចប់ការសិក្សា។

រដ្ឋាភិបាលមិនបានផ្តល់ការប៉ាន់ប្រមាណណាមួយនៃការចំណាយលើផែនការរបស់ខ្លួន ក្នុងការបង្កើតកម្លាំងពលកម្មនោះទេ ប៉ុន្តែបានលើកឡើងនូវវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាកម្រិតខ្ពស់រាប់រយ ហើយថា ខ្លួនកំពុងផ្តល់ការលើកទឹកចិត្ត ក្នុងការកាត់បន្ថយពន្ធចំនួន ២៥០ភាគរយសម្រាប់ក្រុមហ៊ុនដែលបានបញ្ជូនបុគ្គលិកទៅចូលរួមវគ្គបណ្តុះបណ្តាល៕

ប្រភព៖ The Straittimes ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner