Nvidia វ៉ាដាច់ Apple និង Microsoft ក្លាយជាក្រុមហ៊ុនថ្លៃបំផុតលើពិភពលោក
វ៉ាស៊ីនតោន៖ ដោយសារការរីកចម្រើនខ្លាំង នៃបញ្ញាសិប្បនិម្មិត (AI) ធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia កើនឡើង ៣.៥ភាគរយ ដល់ ១៣៥.៥៨ដុល្លារក្នុងមួយហ៊ុន កាលពីថ្ងៃអង្គារសប្តាហ៍នេះ ជំរុញឱ្យតម្លៃទីផ្សាររបស់ខ្លួនស្ទុះដល់ ៣.៣៤ពាន់ពាន់លានដុល្លារ វ៉ាដាច់ Apple និង Microsoft ក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតរបស់ពិភពលោក។
គិតមកទល់ពេលនេះ ក្រុមហ៊ុន Microsoft បានស្ថិតនៅលំដាប់ទី២ ជាមួយនឹងតម្លៃ ៣.៣២ពាន់ពាន់លានដុល្លារ តាមពីក្រោយដោយក្រុមហ៊ុន Apple មានតម្លៃ ៣.២៨ពាន់ពាន់លានដុល្លារ។ អ្នកវិភាគបានលើកឡើងថា ក្រុមហ៊ុន Nvidia បានចាប់ផ្តើមបង្កើនប្រាក់ចំណូលរបស់ខ្លួន ដោយសារកំណើនតម្រូវការនៃអ្នកប្រើប្រាស់ សម្រាប់ការលេងហ្គេម ក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩ បន្ទាប់មករូបិយបណ្ណគ្រីបតូ (crypto currency) ហើយឥឡូវនេះ បញ្ញាសិប្បនិម្មិត (AI)។
ការកើនឡើងតម្លៃក្រុមហ៊ុនរបស់ Nvidia នេះដែរ ត្រូវបានគេមើលឃើញថា ដោយសារតែតម្រូវការបន្ទះឈីប សម្រាប់គ្រឿងម៉ាស៊ីនមេដែលប្រើប្រាស់សម្រាប់ឧបករណ៍បញ្ញាសិប្បនិម្មិត AI ដូចជា ChatGPT កំពុងកើនឡើងខ្លាំង។ ការកើនឡើងឥតឈប់ឈរនៃតម្លៃភាគហ៊ុនរបស់ Nvidia នាពេលប្ចុចប្បន្ននេះទៀតសោត បានធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាកំពូលនេះ គ្រប់គ្រងរហូតដល់ ៨០ភាគរយនៃទីផ្សារបន្ទះឈីប AI កម្រិតខ្ពស់៕
ប្រភព៖ euronews ប្រែសម្រួលដោយ៖ ឈឹម ទីណា