ផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននៅស្រុកបន្ទាយស្រីខេត្តសៀមរាប
សៀមរាប៖ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកបន្ទាយស្រីនិង ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅសាលាស្រុកបន្ទាយស្រី ក្រោមអធិបតីភាពលោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត និងវត្តមានចូលរួមពី អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក អង្គភាពស្ថាបន័នានា កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទ ក្រហមស្រុក សរុប ចំនួនជាង២០០នាក់។
ពិធីពេញមួយព្រឹកនេះ រៀបចំឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹងផ្នែកច្បាប់ជូនអ្នកចូលរួមក៍ដូចជាប្រជាពលរដ្ឋទូទៅបានយល់ដឹងនិងរួមគ្នាអនុវត្តតាម សំដៅរួមគ្នាបង្ការ ទប់ស្កាត់ ប្រយុទ្ឋប្រឆាំងនឹងបទល្មើសគ្រឿងញៀន សំដៅលើកកម្ពស់ សន្តិសុខ សុវត្ថិភាព ក្នុងមូលដ្ឋានឱ្យមានប្រសិទ្ឋិភាព។
លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានចាត់ទុកការផ្សព្វផ្សាយនេះមានសារៈសំខាន់បំផុតដើម្បីបញ្ជ្រាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសស្រទាប់យុវជនជាសិស្សានុសិស្ស ព្រោះថាបញ្ហាគ្រឿងញៀននៅ តែជាកត្តាប្រឈម និងក្តីកង្វល់របស់គ្រួសារនិងសង្គមជាតិ។
លោកវរសេនីយ៍ទោ ហាក់ សំអឿន នាយរងការិយាល័យប្រឆាំងគ្រឿងញៀនបានពន្យល់និងបកស្រាយថា គ្រឿងញៀន គឺជាកំពូលឧក្រឹដ្ឋកម្មអន្តរជាតិ ដែលបាននិងកំពុងរាតត្បាតនៅពាសពេញពិភពលោក ហើយបានទន្ទ្រានចូលមកប្រទេសកម្ពុជា ដោយបានបង្កនូវគ្រោះមហន្តរាយធ្ងន់ធ្ងរជាច្រើនចំពោះប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី និងកុមារខ្មែរយើង។
លោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តមានប្រសាសន៍ថាគ្រឿងញៀន គឺជាអន្ទាក់ប្រកបដោយគ្រោះថ្នាក់ សម្រាប់មនុស្សគ្រប់រូប ប្រសិនបើនរណាម្នាក់ធ្លាក់ចូលក្នុងអន្ទាក់នេះហើយ អ្នកនោះកម្រនឹងដកខ្លួនរួចណាស់ ហើយរមែងតែងតែផ្ដល់ផលអាក្រក់ចំពោះអ្នកប្រព្រឹត្ត គ្រួសារ សហគន៍ និងសង្គមជាតិ ។លោកប្រធានមន្ទីរបញ្ជាក់ថាយើងទាំងអស់គ្នាត្រូវចាំថា គ្រឿងញៀនមិនមែនជាឱសថសម្រាប់ជួយបំបាត់ទុក្ខព្រួយ ឬជួយឱ្យរៀនពូកែ ជួយលើកកម្លាំងអ្វីនោះទេ ។ផ្ទុយទៅវិញការប្រើប្រាស់គ្រឿងញៀននាំឱ្យខូចសុខភាព បង្កបញ្ហាដល់គ្រួសារ ដល់សង្គម និងខុសច្បាប់ហើយនាំឱ្យខូចអនាគតនិងអាចស្លាប់ទៀតផង។
លោកបានអំពាវនាវដល់គ្រប់បណ្ដាមន្ទីរ ស្ថាប័ន ជាពិសេសអង្គភាពជំនាញ ត្រូវមានផែនការគ្រប់គ្រង និងអនុវត្ដច្បាប់ឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយព្រមទាំងជួយផ្សព្វផ្សាយបន្ដដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននេះ។លោកក៏បានសំណូមពរដល់ឳពុកម្ដាយ ឬអាណាព្យាបាល ត្រូវចេះតាមដានសកម្មភាពកូន ទាំងអត្តចរិក ទាំងការសិក្សា ហើយប្រសិនបើមានការសង្ស័យ ឬដឹងថាកូនរបស់ខ្លួន ប្រើប្រាស់គ្រឿងញៀន គួរតែសហការ និងរាយការណ៍ជូនអាជ្ញាធរឬសមត្ថកិច្ចមូលដ្ឋាន ដើម្បីមានវិធានការទប់ស្កាត់ ហើយ ក្មួយៗដែលជាសិស្សានុសិស្ស ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន៕
ដោយ៖ប៊ុន រដ្ឋា