ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា អំពាវនាវសប្បុរសជន រួមគ្នាបរិច្ចាគថវិកា ដើម្បីគាំទ្រសកម្មភាពជួយសង្គ្រោះកុមារកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានអំពាវនាវប្រជាពលរដ្ឋ និងសប្បុរសជនទាំងអស់ សូមបន្តចូលរួមបរិច្ចាគធនធាន ដោយប្រមូលកៀរគរថវិកា ដើម្បីចូលរួមគាំទ្រសកម្មភាពជួយសង្គ្រោះកុមារកម្ពុជា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។

ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីវឌ្ឍនភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជឿជាក់ថា តាមរយៈការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ ការចូលរួមគាំទ្រសម្របសម្រួលរបស់ក្រសួងព័ត៌មាន ជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការផ្សព្វផ្សាយព័ត៌មាន គឺប្រជាពលរដ្ឋទាំងអស់នឹងចូលរួមបន្តទៀត។
ឯកឧត្តម រដ្ឋមន្រ្តី បន្តថា ដើម្បីផ្តល់នូវព័ត៌មានពីយុទ្ធនាការ ឬសកម្មភាពនានារបស់មូលនិធិគន្ធបុប្ផាកម្ពុជា ជូនដល់សាធារណជនពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ស្ថាប័នសារព័ត៌មាន បានចូលរួមផ្សព្វផ្សាយយ៉ាងសស្រាក់សស្រាំ ដើម្បីបញ្ជូនសារនេះដល់ប្រិយមិត្តរបស់អង្គភាពសារព័ត័មាននីមួយៗ។

តាមរយៈការចូលរួមផ្សព្វផ្សាយពីបណ្តាអង្គភាពសារព័ត៌មាននានា បានក្លាយជាកម្លាំងដ៏ធំ ធ្វើឱ្យសារសំខាន់ៗរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ជ្រួតជ្រាបដល់ប្រជាពលរដ្ឋឱ្យចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះកុមារកម្ពុជា ជាក់ស្តែងក្នុងរយៈពេលជាង២០ថ្ងៃមកនេះ មានប្រជាពលរដ្ឋជាង ១៧ម៉ឺននាក់ បានចូលរួមសកម្មភាពជាមូលនិធិនេះ។ ខណៈចរន្តនេះមានការកើនឡើង ហើយការចូលរួមរបស់សាធារណជន គឺជាចលនាជាតិមួយ ដោយប្រើប្រាស់វប្បធម៌ចែករំលែកសម្រាប់អ្នកដែលមានការខ្វះខាត។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា បេះដូសប្បុរសធម៌របស់ប្រជាពលរដ្ឋនេះហើយបានជួយសង្គ្រោះជីវិតកុមារ ទារក និងស្ត្រីជាមាតា ជាច្រើននាក់ដែលកំពុងសម្រាលបុត្រ និងកុមារកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាទាំងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។

សូមជម្រាបថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មានរយៈពេល១ខែ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ យុទ្ធនាការនេះទទួលបានការការគាំទ្រយ៉ាងច្រើនពីបងប្អូនប្រជាពលរដ្ឋខ្មែរ។ លោកជំទាវបណ្ឌិត ចាត់ទុកការចូលរួមនេះ សបញ្ជាក់ឱ្យឃើញពីការគាំទ្រយ៉ាងផុលផុស ប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ របស់ប្រជាជាតិខ្មែរទាំងមូល៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner