សម្ដេចធិបតី ហ៊ុ​ន ម៉ាណែត ៖ ទំព័រប្រវត្តិសាស្ត្រកម្ពុជា ផ្តើមពីដំណើរឆ្ពោះ​ទៅការផ្តួល​រំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ឆ្នាំ១៩៧៧ និងព្រឹត្តិការណ៍ជាបន្តបន្ទាប់ ទើប​យើងមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ

(ត្បូងឃ្មុំ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំព័រប្រវត្តិសាស្រ្តកម្ពុជា បានបង្ហាញថា បើពុំមានការចាប់ផ្តើម នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ឆ្នាំ១៩៧៧ និងព្រឹត្តិការណ៍ដែលមានជាបន្តបន្ទាប់ ក៏មិនអាចមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះដែរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត «២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤» នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដែលបច្ចុប្បន្ន តំបន់នេះ កំពុងបន្តអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទំព័រប្រវត្តិសាស្ត្រកម្ពុជា បានតភ្ជាប់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ដោយបានកំណត់ចែកចេញជា ៣ដំណាក់កាលធំៗ។ ដំណាក់កាលទី១ គឺចាប់ផ្តើមពីចលនាតស៊ូនៅក្នុងដំណើរឈានឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ គឺចាប់ផ្តើម នៃចលនាតស៊ូ ប្រឆាំងរើបម្រះពីរបបដឹកនាំរបស់ប៉ុលពត ដែលចលនានោះ មានសម្តេចតេជោផ្ទាល់ និងយុទ្ធមិត្តតិចតួចប៉ុណ្ណោះ ចេញពីតំបន់កោះថ្ម X16 ព្រំដែនវៀតណាម ឈានទៅការបង្កើតកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ដែលតែងតែហៅឈ្មោះកាត់ថា «ក១២៥» ដែលជាអង្គការចាត់តាំងយោធាដំបូង និងការបង្កើតអង្គការចាត់តាំងនយោបាយដំបូងគឺរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាថ្ងៃ២ ធ្នូ ១៩៧៨ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលឈានទៅសម្រេចជ័យជម្នះក្នុងការសង្គ្រោះ និងរំដោះប្រទេសជាតិ ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត ជាស្ថាពរនៅថ្ងៃទី «៧ មករា ឆ្នាំ១៩៧៩»។

សម្តេចធិបតី បានបន្តថា ដំណាក់កាលទី២ គឺជាដំណាក់កាលនៃការការពារ ការស្តារ និងការកសាងប្រទេសជាតិឡើងវិញ ចេញពីចំណុចសូន្យ ដោយដៃម្ខាងកាន់អាវុធ ការពារទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយដៃម្ខាងទៀតខិតខំកសាងប្រទេសជាតិ រហូតឈានដល់ ដំណាក់កាលចរចាផងប្រយុទ្ធផង រហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស «២៣ តុលា ១៩៩១» និងឈានដាក់ចេញនយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នាំមកនូវសុខសន្តិភាព និងឯកភាពទឹកដីពេញលេញជាប្រវត្តិសាស្ត្រ ដែលកម្ពុជាពុំធ្លាប់មានអស់រយៈកាលជាង ៥០០ឆ្នាំកន្លងទៅ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ដំណាក់កាលទី៣ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដែលមានលក្ខណៈប្តូរផ្តាច់ក្នុងការប្រឆាំងជាមួយនឹងបដិវត្តន៍ពណ៌ ពោលគឺជាដំណាក់កាល នៃការថែរក្សាការពារសន្តិភាព ដែលជាបុព្វបទនៃការអភិវឌ្ឍប្រទេសជាតិ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្រោមម្លប់នៃសុខសន្តិភាព ដែលបានមកពីនយោបាយឈ្នះ-ឈ្នះ ។

សម្តេច បានថ្លែងទៀតថា នយោបាយឈ្នះ ឈ្នះ នៅតែដើរតួនាទីយ៉ាងសំខាន់នៃការផ្ដល់ការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើរាជរដ្ឋា-ភិបាល ដែលតែងតែផ្ដល់អាទិភាពខ្ពស់ លើការលើកកម្ពស់ជីវភាពរបស់ប្រជាជន តាមរយៈ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ដែលធានានូវការបែងចែកផលសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋគ្រប់រូប។

សម្តេចធបិតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអតីតប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ ដែលសម្តេចបានខិតខំយកអស់ពីកម្លាំងកាយចិត្ត និងមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការចង្អុលបង្ហាញរៀបចំ ការកសាងតំបន់នេះតាំងពីថ្ងៃដំបូង និង បានផ្តួចផ្តើមរៀបចំប្រារព្ធពិធីជាប្រវត្តិសាស្ត្រ X16 នេះ ជារៀងរាល់ឆ្នាំ ដើម្បីដឹងគុណូបការៈដ៏ថ្លៃថ្លារបស់យុទ្ធជន-យុទ្ធនារីស្នេហាជាតិ ដែលបានធ្វើ ពលិកម្ម ដោយវីរភាព ដើម្បីជាតិមាតុភូមិ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner