សភាសម្ព័ន្ធសហជីពជាតិកម្ពុជាប្រកាសធ្វើមហាបាតុកម្ម បើសិនជា “សង់ត្រាល់” មិនធ្វើការកែសម្រួលរបាយការណ៍របស់ខ្លួន

ភ្នំពេញ៖ ថ្នាក់ដឹកនាំសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានព្រមានធ្វើមហាបាតុកម្មដើម្បីតវ៉ាស្នើសុំឱ្យបិទ “សង់ត្រាល់” បើមិនធ្វើការកែសម្រួលរបាយការណ៍របស់ខ្លួន និងសរសេរលិខិតទៅម្ចាស់ជំនួយ និងក្រសួងមហាផ្ទៃ ដើម្បីធ្វើការពិនិត្យពីការអនុលោមភាពនៃលក្ខន្តិកៈរបស់អង្គការ សង់ត្រាល់ និងការអនុលោមភាពច្បាប់នានានៅកម្ពុជា ហើយចុងក្រោយនិងប្រមូលផ្តុំកម្មករ និយោជិត ដើម្បីធ្វើការតវ៉ាទ្រង់ទ្រាយធំនៅមុខការិយាល័យ សង់ត្រាល់ និងក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឱ្យបិទការិយាល័យរបស់សង់ត្រាល់តែម្តង។ ការព្រមាននេះ បើសិនជាអង្គការសង់ត្រាល់មិនធ្វើការសម្រួលរបាយការណ៍របស់ខ្លួនតាមការស្នើសុំរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា។

ការព្រមាននេះ បានធ្វើឡើងនៅពេលដែលសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានយកញ្ញត្តិតវ៉ាទៅដាក់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានឱ្យដឹងថា គោលបំណងនៃការធ្វើសន្នីសីទកាសែតនេះដើម្បីបដិសេធនូវរបាយការណ៍របស់អង្គការសង់ត្រាល់ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ ដោយ មានចរិតអុជអាល ចង់បំផ្លាញសន្តិភាព និងធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់កម្មករនិយោជិត។

លោក អ៊ុន តារា អ្នកនាំពាក្យសភាសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានបញ្ជាក់ថា ៖ “ពួកយើងខ្ញុំនឹងធ្វើមហាបាតុកម្មរហូតដល់សង់ត្រាល់កែប្រែនៅរបាយការណ៍របស់ខ្លួនឱ្យមានវឌ្ឍនភាពនៃការរីកចម្រើន សព្វថ្ងៃវិស័យការងារយើងមើលឃើញអីខ្លះ ម៉េចបានជាមើលឃើញតែមួយជ្រុង មិនមើលឃើញអ្វីដែលល្អប្រសើរ ខ្ញុំទទួលស្គាល់ថាវាមានចំណុចខ្លះខ្វះខាតដែរ ប៉ុន្តែវាមិនខ្វះខាតរហូតដល់សង់ត្រាល់លើកឡើងទេ”។

សភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានដាក់លិខិតជូនលោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ «សង់ត្រាល់» ស្នើសុំកែតម្រូវខ្លឹមសារលើរបាយការណ៍ចេញផ្សាយថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដែលខ្លឹមសារ នៃរបាយការណ៍នេះមិនបានឆ្លុះបញ្ចាំងពីការពិត និងមិនមានមូលដ្ឋានច្បាស់លាស់ដែលធ្វើឱ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករ និយោជិតនៅ កម្ពុជាទាំងមូល ដែលផ្ទុយទាំងស្រុងទៅនិងសភាពជាក់ស្តែង និងមិនរំលេចទាល់តែសោះ នូវសមិទ្ធផលវិជ្ជាមានជាច្រើន ដែលជាវឌ្ឍនភាពលក្ខណ្ឌការងាររួមរបស់កម្មករនិយោជិត និងសហជីពនៅកម្ពុជា។

សហភាពសហជីពសុភមង្គលកម្មករកម្ពុជាបានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» បានចេញរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសហជីពឯករាជ្យកម្ពុជា នៅតែប្រឈមឧបសគ្គរារាំងហើយថា សង់ ត្រាល់ បានធ្វើការសម្ភាសន៍ដោយវាយតម្លៃពីស្ថានភាពកម្មករ និងសហជីពក្នុងរោងចក្រចំនួន១៤ ដែល ស្ថិតក្រោមកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្តរជាតិ (ILO-BFC) ក្នុងចំណោម សហជីពចំនួន ១៤ នេះ មានសហជីពចំនួន ១០ រងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជីខ្មៅដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការបំពេញការងាររបស់ពួកគេ ហើយក៏បានទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញ ដើម្បីកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងារ របស់កម្មករ-និយោជិត និងសហជីព។

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា យល់ឃើញថា ខ្លឹមសារ នៃរបាយការណ៍ខាងលើនេះវាមិនបានឆ្លុះបញ្ចាំងពីការពិត និងមិនមានមូលដ្ឋានច្បាស់លាស់ដែលធ្វើឱ្យប៉ះពាល់កិត្តិយសជាតិប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់ កម្មករ និយោជិតនៅកម្ពុជាទាំងមូល។ ថ្នាក់ដឹកនាំសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលជាតំណាងកម្មករ-និយោជិត មានការព្រួយបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់ដល់ស្ថិរ ភាពការងារ និងផលប្រយោជន៍របស់កម្មករ ទើបយើងខ្ញុំស្នើសុំដោយទទួចដល់ លោកនាយក សង់ត្រាល់ ដើម្បីធ្វើការកែរសម្រួលរបាយការណ៍របស់ខ្លួនឡើងវិញ ដោយបង្ហាញនូវសមិទ្ធផលវិជ្ជាមានជាច្រើន ដែលជាវឌ្ឍន ភាពលក្ខណ្ឌការងាររួមរបស់កម្មករនិយោជិត និងសហជីពនៅកម្ពុជា។ ក្នុងករណីដែលនាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស មិនមានកែសម្រួលរបាយការណ៍តាមការស្នើសុំរបស់ថ្នាក់ដឹកនាំសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងសរសេរលិខិតទៅម្ចាស់ជំនួយ និង ក្រសួងមហារផ្ទៃ ដើម្បីធ្វើការពិនិត្យពីការអនុលោមភាពនៃលក្ខន្តិកៈរបស់ សង់ត្រាល់ និងការអនុលោមភាពច្បាប់នានានៅកម្ពុជា ហើយចុងក្រោយយើងខ្ញុំនឹងប្រមូលផ្តុំកម្មករ និយោជិត ដើម្បីធ្វើការតវ៉ាទ្រង់ទ្រាយធំនៅមុខ ការិយាល័យ សង់ត្រាល់ និងក្រសួងមហាផ្ទៃដើម្បីស្នើសុំឲ្យបិទការិយាល័យ របស់សង់ត្រាល់តែម្តង៕
ដោយ៖ពលជ័យ

ads banner