សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន យើងត្រូវសាមគ្គីរួមចិត្តតែមួយ ថែរក្សាសន្តិភាពនេះឱ្យបានគង់វង្ស ទោះបង់ក្នុងតម្លៃណាក៏ដោយ
(ត្បូងឃ្មុំ)៖ សន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន យើងត្រូវសាមគ្គីរួមចិត្តតែមួយ ថែរក្សាសន្តិភាពនេះឱ្យបានគង់វង្ស ទោះបង់ដោយតម្លៃណាក៏ដោយ ។ នេះជាការគូសបញ្ជាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត «២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤» នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដែលបច្ចុប្បន្ន តំបន់នេះ កំពុងបន្តអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន ។ ការបំផ្លាញសន្តិភាព មិនពិបាកទេ តែការបង្កើតឱ្យមានសន្តិភាព គឺពិបាកណាស់ ។ ដូចនេះ យើងត្រូវសាមគ្គីគ្នា រួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យបានគង់វង្ស ឋិតថេរ ទោះបីត្រូវបង់ដោយតម្លៃណាក៏ដោយ ។
សម្តេចធិបតី បានបញ្ជាក់ថា ប្រវត្តិសាស្ត្របានបញ្ជាក់យ៉ាងច្បាស់ថា មានការចាប់ផ្តើមពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានការបង្កើតអង្គការចាត់តាំងខាងយោធាដំបូងនៅថ្ងៃទី១២ ឧសភា ១៩៧៨ មានការបង្កើតបានរណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជា ២ ធ្នូ ១៩៧៨ ទើបមានជ័យជម្នះ ៧ មករា ១៩៧៩; មានថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ទើបមាននយោបាយឈ្នះ-ឈ្នះ ២៩ ធ្នូ ១៩៩៨ ឈានទៅដល់ការបញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជា នាំមកនូវសន្តិភាព និង ការឯកភាពជាតិពេញលេញនៅទូទាំងប្រទេស ។ នេះ គឺជាសច្ចភាពប្រវត្តិសាស្ត្រ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ ។
សម្តេចបន្តថា ប្រវត្តិសាស្រ្តដែលមានភាពច្បាស់លាស់ គឺជាកិច្ចការសំខាន់សម្រាប់ប្រទេសនីមួយៗ ក៏ដូចជាទំនាក់ទំនងរវាងប្រទេស និងប្រទេស។ ជាក់ស្តែង កម្ពុជា-វៀតណាម ធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមកនៅក្នុងការដណ្តើមឯករាជ្យពីរបបអាណានិគមនិយមបារាំង ហើយថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ធ្លាប់បានជួយវៀតណាមក្នុងបុព្វហេតុរំដោះប្រទេសដែលឈានទៅដល់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ ដូចគ្នានេះដែរ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ក៏ធ្លាប់បានជួយកម្ពុជាក្នុងបុព្វហេតុរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងការកសាងអភិវឌ្ឍប្រទេសផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដែរថា ចំណុចខាងលើនេះ ជាសច្ចភាព នៃប្រវត្តិសាស្រ្តដែលប្រជាជននៃប្រទេសយើងទាំងពីរ ។ សម្តេចធិបតី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋយល់ពីសច្ចភាពនៃប្រវត្តិសាស្រ្តឱ្យបានច្បាស់ ដើម្បីជៀសវាងការយល់ច្រឡំ តាមរយៈការបកស្រាយណាមួយ ដែលមិនមានមូលដ្ឋានប្រវត្តិសាស្រ្តជាក់ស្តែង ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ