លោន ពូទីន ព្រមានកូរ៉េខាងត្បូង ពេលទៅដល់ទីក្រុងហាណូយភ្លាម

ហាណូយ៖ ថ្លែងពីទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍ លោក ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានព្រមានកូរ៉េខាងត្បូងថា បើប្រទេសនេះហ៊ានបញ្ជូនអាវុធ ឲ្យទៅអ៊ុយក្រែន នោះវានឹងក្លាយជាកំហុសដ៏ធំមួយ។

លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានបែបនេះ ក្រោយពេលមួយថ្ងៃ បន្ទាប់ពីមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រថ្មី រវាងរុស្ស៊ីនិងកូរ៉េខាងជើង ដែលនាំឲ្យទីក្រុងសេអ៊ូល ព្រួយបារម្ភជាខ្លាំង។

កូរ៉េខាងត្បូងត្រូវបានមើលឃើញថា ដើរតួនាទីដ៏សំខាន់ ក្នុងការលក់អាវុធយោធាអន្តរជាតិ អំឡុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែ កូរ៉េខាងត្បូងមានគោលនយោបាយយូរអង្វែង ក្នុងការរារាំងការលក់អាវុធ ចូលទៅក្នុងតំបន់ជម្លោះ ដែលសកម្ម។ យ៉ាងណាមិញ មានការអំពាវនាវពីសហរដ្ឋអាមេរិក និងអ៊ុយក្រែន ឱ្យពិចារណាឡើងវិញ។

ជាការកត់សម្គាល់ ក្រោយការចុះហត្ថលេខា រវាងលោកពូទីន និងលោកគីម ជុងអ៊ុន បានប៉ុន្មានម៉ោង កូរ៉េខាងត្បូងបានអះអាងថា ខ្លួនកំពុងរៀបចំផែនការគិតគូរឡើងវិញ លើការផ្តល់ជំនួយអាវុធ ដល់អ៊ុយក្រែន នេះបើតាមមន្ត្រីប្រធានាធិបតី បានប្រាប់អ្នកយកព័ត៌មាន ចេញផ្សាយដោយ Yahoo។

លោក ពូទីន បាននិយាយក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសវៀតណាមថា «ប្រសិនបើរឿងនោះកើតឡើង នោះរុស្ស៊ីនឹងធ្វើការសម្រេចចិត្តធ្វើមួយ ដែលកូរ៉េខាងត្បូង នឹងខកចិត្ត»។ លោក ពូទីន ថែមទាំងព្រមានទៀតថា រុស្ស៊ីអាចនឹងបញ្ជូនកាំជ្រួច ទៅកូរ៉េខាងជើង ឆ្លើយតបនឹងពួកលោកខាងលិច ដែលផ្គត់ផ្គង់ឲ្យអ៊ុយក្រែន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner