អ៊ីរ៉ង់ថ្កោលទោសកាណាដា ក្រោយចាត់តាំងកងកម្លាំងឆ្មាំបដិវត្តដន៍អ៊ីរ៉ង់ជាអង្គការភេរវករ
តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោសកាណាដា ក្រោយចាត់តាំងអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ជាអង្គការភេរវករមួយ នៅក្រោមក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានរិះគន់ការសម្រេចចិត្តរបស់កាណាដាថា ជា “អរិភាព” និង ផ្ទុយទៅនឹងបទដ្ឋាន និងគោលការណ៍ច្បាប់អន្តរជាតិ។ លោកបន្ថែមថា ទង្វើគ្មានការទទួលខុសត្រូវ និងបង្កហេតុនេះ គឺជាការបន្តដើរផ្លូវខុសដែលរដ្ឋាភិបាលកាណាដាបានធ្វើ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
រដ្ឋាភិបាលកាណាដា កាលពីថ្ងៃពុធសប្តាហ៍នេះ បានកត់ឈ្មោះកងកម្លាំងឆ្មាំបដិវត្តន៍របស់អ៉ីរ៉ង់ ចូលក្នុងបញ្ជីអង្គការភេរវករ ហើយថែមទាំងបានចេញសេចក្តីណែនាំឱ្យជនជាតិកាណាដាទាំងអស់ ចាកចេញពីប្រទេសអ៉ីរ៉ង់។
ចំណាត់ការនេះ នឹងរារាំងសមាជិកនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ពីការចូលទៅក្នុងប្រទេសកាណាដា និងហាមពលរដ្ឋកាណាដាទាំងអស់ ពីការមានទំនាក់ទំនងជាមួយសមាជិកនៃក្រុមនេះ។ មិនតែប៉ុណ្ណោះ រាល់ទ្រព្យសម្បត្តិទាំងឡាយរបស់អង្គការ ឬសមាជិកក្រុមនេះ កាន់កាប់នៅក្នុងប្រទេសកាណាដា ក៏អាចត្រូវបានរឹបអូសផងដែរ។
កន្លងមក កាណាដាក៏បានចុះបញ្ជីកងកម្លាំង Quds ជាអង្គភាពភេរវករផងដែរ។ រីឯសហរដ្ឋអាមេរិកបានចុះបញ្ជីកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ជាអង្គការភេរវជនបរទេសក្នុងខែមេសា ឆ្នាំ ២០១៩។ ហើយកាលពីដើមខែនេះ សហភាពអឺរ៉ុបក៏បានដាក់ទណ្ឌកម្មទៅលើកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ដោយការចោទប្រកាន់ថា បានផ្គត់ផ្គង់យន្តហោះដ្រូនដល់ប្រទេសរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួននៅមជ្ឈិមបូព៌ា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា