អឺរ៉ុបដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី
ព្រុចសែល៖ ក្រុមមន្ត្រីបាននិយាយថា រដ្ឋសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍បានចុះហត្ថលេខាលើកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ផ្តោតលើវិស័យឧស្ម័នធម្មជាតិរាវ (LNG) ដែលជាប្រភពចំណូលរបស់ទីក្រុងមូស្គូជាលើកដំបូង។
វិធានការថ្មីនេះ គឺសំដៅកាត់បន្ថយកិច្ចខិតខំប្រឹងប្រែងជម្រុញភ្លើងសង្រ្គាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រឆាំងនឹងអ៊ុយក្រែន។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបង្ហោះសារនៅលើ បណ្តាញសង្គម X ថា កញ្ចប់ទណ្ឌកម្មដ៏លំបាកនេះនឹងរារាំងរុស្ស៊ីបន្ថែមទៀត ពីលទ្ធភាពទទួលបាននូវការប្រើបច្ចេកវិទ្យាសំខាន់ៗ។
លោកស្រីបន្ថែមថា កញ្ចប់ទណ្ឌកម្មនេះដែរ ក៏នឹងធ្វើឱ្យរុស្ស៊ីខាតបង់ប្រាក់ចំណូលបន្ថែមទៀត ពីវិស័យថាមពល ក៏ដូចជារឹតបន្តឹងបណ្តាញធនាគារស្រមោលរបស់លោក ពូទីន និងបណ្តាញធនាគារស្រមោលនៅបរទេស។
ក្រុមអ្នកការទូតក៏បាននិយាយដែរថា កញ្ចប់ទណ្ឌកម្មចុងក្រោយបង្អស់ ដែលជាជុំទី១៤ ដែលដាក់លើរុស្ស៊ី ចាប់តាំងពីការលុកលុយអ៊ុយក្រែនឆ្នាំ ២០២២ ក៏រួមបញ្ចូលទាំងការហាមឃាត់លើការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ LNG របស់រុស្ស៊ីតាមរយៈអឺរ៉ុបផងដែរ។ ប៉ុន្តែមិនរាប់បញ្ចូលការហាមឃាត់លើការទិញ LNG របស់រុស្ស៊ីដោយបណ្តាប្រទេសសមាជិកអឺរ៉ុបទេ។
កំពង់ផែអឺរ៉ុបមានសារៈសំខាន់ណាស់សម្រាប់រុស្ស៊ី ចាប់តាំងពីទ្វីបនេះផ្តល់នូវផ្លូវសំខាន់ សម្រាប់ការនាំចេញ LNG ពីកំពង់ផែអាកទិក ទៅកាន់ទីផ្សារអាស៊ីក្នុងរដូវរងារ។ កំពង់ផែនៅប៊ែលហ្ស៊ិក បារាំង ហូឡង់ និងអេស្ប៉ាញ គឺជាចំណុចសំខាន់សម្រាប់ការដឹកជញ្ជូន LNG ពីឧបទ្វីប Yamal ស៊ីបេរី របស់រុស្ស៊ី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា