សម្តេចធិបតី៖ ថ្ងៃទី២១ ខែមិថុនា គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលអតីតយុទ្ធជន និងប្រជាពលរដ្ឋបានប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា

តាមរយៈសារលិខិតក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំឭកដល់ គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ គ្រប់ស្រទាប់ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាទីស្នេហានៃយើង។ ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋ យើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាង សុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សង្គ្រាមដែលបង្កឡើងដោយជនក្បត់ជាតិមួយក្តាប់តូចឃុបឃិតជាមួយបរទេស បានបង្កសង្គ្រាមវិនាសកម្មនិង របបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លិចបំផ្លាញសង្គមសេដ្ឋកិច្ចឱ្យខ្ទេចខ្ទីដល់ឫសគល់ ថែមទាំងបានបន្សល់ទុក នូវអតីតយុទ្ធជនដែលជាជនពិការ និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលីមរណៈជាច្រើន។ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនឱ្យបានល្អប្រសើរជាបន្តបន្ទាប់។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាស្ថាប័នរដ្ឋ និងឯកជនពាក់ព័ន្ធនានា បានផ្តល់អាទិភាព ដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនសម្តេចផ្ទាល់ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សូមលំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋកម្ពុជាដែលបាន ពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន និងសូមផ្តាំផ្ញើនូវការសួរសុខទុក្ខប្រកបដោយក្តីស្រឡាញ់ជូនចំពោះ បងប្អូនអតីតយុទ្ធជនគ្រប់រូប និងគ្រប់ក្រុមគ្រួសាររបស់បងប្អូន ដែលបាននិងកំពុងបន្តចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ។

សម្តេចធិបតីបានបន្តទៀតថា ក្នុងគ្រប់កម្មវិធីនយោបាយ រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់ការយកចិត្តទុកដាក់លើការងារអតីតយុទ្ធជន និង អតីតមន្ត្រីរាជការស៊ីវិលជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា។ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលក្នុងនោះ មុំទី៤៖ «ការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង» នៃ បញ្ចកោណទី១៖ «ការអភិវឌ្ឍមូលធនមនុស្ស» មានគោលដៅជា យុទ្ធសាស្ត្រ កសាងនិងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាពទាំងក្នុងប្រព័ន្ធជំនួយ សង្គម និងប្រព័ន្ធសន្តិសុខសង្គម និងពង្រឹងប្រព័ន្ធស្បៀងដែលផ្តល់សន្តិសុខស្បៀង និងអាហាររូបត្ថម្ភសម្រាប់ ប្រជាជនគ្រប់រូប។ លើសពីនេះការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនឹងត្រូវធ្វើឡើងដោយឈរលើស្មារតី “មិនបោះបង់ ពលរដ្ឋខ្មែរណាម្នាក់” ហើយការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមក៏ឈរលើអភិក្រមចំនួន ៤ គឺ៖ ១) ចីរភាពនៃ កម្មវិធី ២) លទ្ធភាពអាចទ្រទ្រង់បាននៃថវិកាជាតិ ៣) ការធានាបរិយាបន្ន និងសមធម៌សង្គម ដោយផ្តោតលើកិច្ច អន្តរាគមន៍របស់រដ្ឋលើគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ និង ៤) ភាពអាចពង្រីកវិសាលភាពនៃ ប្រព័ន្ធគាំពារសង្គម តាមរយៈការអភិវឌ្ឍជាប្រព័ន្ធ។

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួន ១០៩ ០៣៤ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៤៩ ០៥៣ នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។ គិតចាប់ពីខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានដំឡើង ប្រាក់របបសន្តិសុខសង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ទាបជាងឬស្មើ ៦៩ម៉ឺន រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៧៧ម៉ឺនរៀល ក្នុងមួយខែ ហើយដំឡើងដល់ ៨២ម៉ឺន ៥ពាន់រៀល ក្នុង១ខែ នៅឆ្នាំ ២០២៤។ ក្នុងនោះប្រាក់វិភាជន៍គ្រួសារ និងកូនប្រចាំខែរបស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន បានកំពុង អនុវត្តដូចប្រាក់វិភាជន៍គ្រួសារប្រចាំខែរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ ដែលចាប់ពី ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែជូនដល់គ្រួសាររបស់អតីតយុទ្ធជនពលី និងមរណៈ និងប្រាក់ឧបត្ថម្ភប្តី ឬប្រពន្ធ ពី ១៥ ០០០រៀល ទៅ៣០ ០០០រៀល, កូនពី ១០ ០០០រៀល ទៅ ៣០ ០០០រៀល, និងឪពុក ម្តាយ ឬអាណាព្យាបាល ពី ៨ ០០០រៀល ទៅ ៣០ ០០០រៀល ក្នុងម្នាក់។ ទន្ទឹមនឹង នេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចំនួន ៥ម៉ឺនរៀល ជូនដល់ និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ និងគ្រួសារអតីតយុទ្ធជន។

ទិន្នន័យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការបើករបបសន្តិសុខសង្គមប្រចាំខែ ដែលកំពុងអនុវត្តជាមួយធនាគារដៃគូនៅទូទាំង២៥ រាជធានី ខេត្ត ហើយការបើកប្រាក់របបសន្តិសុខសង្គមរៀងរាល់ពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៩ មកម៉្លេះ។ រាជរដ្ឋាភិបាល បានផ្តល់បណ្ណថែទាំសុខភាព (ប.ស.ស.) ជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារ និងបណ្ណមូលនិធិសមធម៌សុខាភិបាលជូនអ្នកកាន់សៀវភៅធនាគាររបស់គ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យនិងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស.) ដោយមិនបង់ប្រាក់។
ដោយ៖ពលជ័យ

ads banner