សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់ការយកចិត្តទុកដាក់លើការងារអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលជាអាទិភាព
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានគូសរំលេចថា ក្នុងគ្រប់កម្មវិធីនយោបាយ រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់ការយកចិត្តទុកដាក់លើការងារអតីតយុទ្ធជន និង អតីតមន្ត្រីរាជការស៊ីវិលជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា។
ក្នុងសារលិខិតនាឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលក្នុងនោះ មុំទី៤៖ «ការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង» នៃ បញ្ចកោណទី១៖ «ការអភិវឌ្ឍមូលធនមនុស្ស» មានគោលដៅជា យុទ្ធសាស្ត្រ កសាងនិងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាពទាំងក្នុងប្រព័ន្ធជំនួយ សង្គម និងប្រព័ន្ធសន្តិសុខសង្គម និងពង្រឹងប្រព័ន្ធស្បៀងដែលផ្តល់សន្តិសុខស្បៀង និងអាហាររូបត្ថម្ភសម្រាប់ ប្រជាជនគ្រប់រូប។
សម្ដេចធិបតីបន្តថា លើសពីនេះការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនឹងត្រូវធ្វើឡើងដោយឈរលើស្មារតី “មិនបោះបង់ ពលរដ្ឋខ្មែរណាម្នាក់” ហើយការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមក៏ឈរលើអភិក្រមចំនួន ៤ គឺ៖ ១) ចីរភាពនៃ កម្មវិធី ២) លទ្ធភាពអាចទ្រទ្រង់បាននៃថវិកាជាតិ ៣) ការធានាបរិយាបន្ន និងសមធម៌សង្គម ដោយផ្តោតលើកិច្ច អន្តរាគមន៍របស់រដ្ឋលើគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ និង ៤) ភាពអាចពង្រីកវិសាលភាពនៃ ប្រព័ន្ធគាំពារសង្គម តាមរយៈការអភិវឌ្ឍជាប្រព័ន្ធ។
ក្នុងសារលិខិតក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤បានបញ្ជាក់ថា បច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួន ១០៩ ០៣៤ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៤៩ ០៥៣ នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ៕
ដោយ៖វណ្ណលុក