ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Onsemi ចាយ ២ពាន់លានដុល្លារពង្រីករោងចក្រនៅឆេក
វ៉ាស៊ីនតោន៖ ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Onsemi នឹងវិនិយោគរហូតដល់ ២ពាន់លានដុល្លារ ដើម្បីពង្រីករោងចក្ររបស់ខ្លួននៅក្នុងប្រទេសឆេក ដែលនេះជាការវិនិយោគដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្ត។
រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មឆេក លោក Jozef Sikela បាននិយាយកាលពីថ្ងៃពុធ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ការវិនិយោគនេះ នឹងមិនត្រឹមតែជំរុញសេដ្ឋកិច្ចរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងជំហររបស់យើងនៅលើទីផ្សារផលិតបន្ទះឈីប។
លោករដ្ឋមន្ត្រីបន្ថែមថា ការវិនិយោគនេះដែរ ក៏នឹងជួយដល់ ម៉ាស៊ីនសំខាន់នៃសេដ្ឋកិច្ចឆេក ជាពិសេសឧស្សាហកម្មរថយន្ត ខណៈដែលឧបករណ៍អេឡិចត្រូនិករបស់ Onsemi នឹងត្រូវបានប្រើប្រាស់សម្រាប់ការផលិតឡានអគ្គិសនី។
ឆេកគឺជាទីតាំងសម្រាប់រោងចក្រផលិតឡានធំៗចំនួនបី រួមមានក្រុមហ៊ុន Volkswagen Skoda Auto, Toyota និង Hyundai ដោយក្រុមហ៊ុនទាំងនេះផលិតឡានបានចំនួន ១.៤លានគ្រឿងកាលពីឆ្នាំមុន។
Onsemi បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ការវិនិយោគនេះ នឹងកំណត់គោលដៅផលិតឧបករណ៍អេឡិចត្រូនិកថាមពលឆ្លាតវៃ ដែលមានសារៈសំខាន់សម្រាប់ការកែលម្អប្រសិទ្ធភាពថាមពល នៃកម្មវិធីនៅក្នុងឡានអគ្គិសនី, ថាមពលកកើតឡើងវិញ និងមជ្ឈមណ្ឌលទិន្នន័យ AI។
គួរបញ្ជាក់ថា Onsemi មានបុគ្គលិកចំនួន ៣៣,០០០នាក់នៅទូទាំងពិភពលោក រួមទាំងបុគ្គលិកចំនួន ២,២០០នាក់នៅក្នុងរោងចក្រឆេកចំនួនបី។ ក្រុមហ៊ុនធំជាងគេ គឺ ON Semiconductor Czech Republic នៅទីក្រុង Roznov pod Radhostem ភាគខាងកើត ដែលមានបុគ្គលិកជាង ១,៧០០នាក់៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា