សហភាពសិទ្ធិកម្មករកម្ពុជា ស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិកាជំនួយបរទេសរបស់ «សង់ត្រាល់»

ភ្នំពេញ៖ សហភាពសិទ្ធិកម្មករកម្ពុជា បានដាក់លិខិតស្នើសុំឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យការអនុវត្តសកម្មភាពនិងការប្រើប្រាស់កញ្ចប់ថវិកាជំនួយបរទេសរបស់មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់«សង់ត្រាល់» ដែលធ្វើសកម្មភាពមិនស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន។ ការស្នើនេះ បានធ្វើឡើងតាមរយៈលិខិតដាក់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថា កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» បានចេញរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសហជីពឯករាជ្យកម្ពុជា នៅតែប្រឈមឧបសគ្គរារាំងហើយថា សង់ត្រាល់ បានធ្វើការសម្ភាសន៍ ដោយវាយតម្លៃពីស្ថានភាពកម្មករ និងសហជីពក្នុងរោងចក្រចំនួន១៤ ដែលស្ថិតក្រោមកម្មវិធីរោងចក្រកាន់ តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្តរជាតិ (ILO-BFC) ក្នុងចំណោមសហជីពចំនួន១៤ នេះ មាន សហជីពចំនួន ១០ រងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជី ខ្មៅដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការបំពេញការងាររបស់ពួកគេ ហើយក៏បានទាមទារឱ្យគ្រប់ភាគីពាក់ ព័ន្ធគួរតែពិនិត្យមើលឡើងវិញ ដើម្បីកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងាររបស់កម្មករ-និយោជិត និងសហជីព។

ខ្លឹមសារនៃរបាយការណ៍ខាងលើនេះ វាមិនបានឆ្លុះបញ្ចាំងពីការពិត និងមិនមានមូលដ្ឋានច្បាស់លាស់ដែលធ្វើឱ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថេរភាពការងារនិងផលប្រយោជន៍រួមរបស់កម្មករ និយោជិតនៅកម្ពុជាទាំងមូល។ របាយការណ៍នេះ មានចរិតនយោបាយ និងញុះញង លាបពណ៌ ឱ្យមានការរើសអើងសហជីព និងបំបែកបំបាក់សាមគ្គីភាពរវាងសហជីពនៅកម្ពុជា។ សកម្មភាពរបស់អង្គការ សង់ត្រាល់ ដែលបានធ្វើ និងកំពុងបន្តធ្វើ គឺមិនបានអនុឡោមតាមច្បាប់ស្តីពីសមាគមនិង អង្គការមិនមែនរដ្ឋាភិបាល ច្បាប់ជាតិ និងលក្ខន្តិកៈរបស់ខ្លួនឡើយ។ ក្រៅពីនេះ អង្គការសង់ត្រាល់ ជាអង្គការដែលបានចុះបញ្ជីកានៅក្រសួងមហាផ្ទៃ ប៉ុន្តែបែរជាបានលួចចងក្រងបង្កើតសហជីពនៅតាមរោងចក្រ សហគ្រាសមួយចំនួនឱ្យធ្វើសកម្មភាពអវិជ្ជមាន ដែលផ្ទុយពីលក្ខន្តិកៈរបស់ខ្លួនថែមទៀតផង។

យើងខ្ញុំទាំងអស់គ្នាជាតំណាង កម្មករ និយោជិត មានការព្រួយបារម្មណ៍យ៉ាងខ្លាំងពីផលប៉ះពាល់ ដល់ស្ថេរភាពការងារ និងផលប្រយោជន៍រួម របស់កម្មករនិយោជិត។ អាស្រ័យហេតុនេះសូមគោរពស្នើសុំដល់ ឯកឧត្តមអភិសន្តិបណ្ឌិត មេត្តាពិនិត្យក្នុង ការអនុវត្តសកម្មភាពផ្ទុយនឹងច្បាប់ និងការប្រើប្រាស់កញ្ចប់ថវិកាជំនួយបរទេសមិនសមស្របរបស់អង្គការ សង់ត្រាល់ ដែលបង្កបញ្ហាជាអវិជ្ជមានដល់សង្គមជាតិ ជាពិសេសក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀក បំពាក់ និងស្បែកជើង ដែលជាវិស័យអាទិភាព នៃសេដ្ឋកិច្ចកម្ពុជា៕
ដោយ៖ពលជ័យ

ads banner