កម្ពុជាប្រឈមការបាត់បង់មេដាយមាស ក្នុងកីឡាស៊ីហ្គេម ដោយសារថៃដកចេញមុខកីឡាមួយចំនួន (Video Inside)

កម្ពុជានឹងអាចបាត់បង់លទ្ធភាពការដណ្តើមយកមេដាយមាសលើមុខកីឡាមួយចំនួន ដោយសារតែប្រទេសថៃជាម្ចាស់ផ្ទះ បានលុបចោលមិនឱ្យមានលើវិស័យកីឡាមួយចំនួន។

ប្រទេសថៃនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ដែលនឹងប្រព្រឹត្តទៅ រវាងពីថ្ងៃទី៩ធ្នូ ដល់ទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងបាងកក, នៅខេត្តឈុនប៊ូរី និងនៅក្នុងខេត្តសុងក្លា។

មុខកីឡាដែលប្រទេសថៃនឹងត្រូវដកចេញនោះរួមមានកីឡាជឺជីតស៊ូ និងកីឡាប៉េតង់ជាដើម ដែលមុខកីឡាទាំងនេះ គឺសុទ្ធជាកីឡាដែលកម្ពុជាតែងប្រកួតឈ្នះបានមេដាយមាស មិនសូវដែលខកខានឡើយ។ ក្រៅពីនេះរួមមានកីឡា វូស៊ូ ការ៉ាតេ វ៉ូវីណាម និងលើកទម្ងន់ជាដើម។

មិនមែនមានតែប្រទេសកម្ពុជាតែមួយនោះទេ ដែលបារម្ភនឹងបាត់បង់មេដាយមាស, ប្រទេសហ្វីលីពីនបានថ្លែងទុកជាមុនថា គេនឹងអាចបាត់បង់មេដាយមាសយ៉ាងហោចចំនួន៨ បើសិនជាថៃដកចេញនូវកីឡាមួយចំនួន ដែលកីឡាករហ្វីលីពីនធ្លាប់បានជោគជ័យ លើការប្រកួតដណ្តើមមេដាយមាស។

ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន លោកអាប្រាហាំ តូឡិនទីណូ បានថ្លែងក្នុងសប្តាហ៍នេះ អំពាវនាវដល់ប្រទេសថៃ សូមឱ្យបញ្ចូលមកវិញ នូវមុខកីឡាវូស៊ូ ការ៉ាតេ កីឡាលើកទម្ងន់ និងកីឡាជឺជីតស៊ូ ក្នុងចំណោមកីឡាសរុប៤០ប្រភេទនោះ។

ads banner