អង្គការសុខភាពពិភពលោក គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា
(ភ្នំពេញ)៖ អង្គការសុខភាពពិភពលោក គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ ។ ការគាំទ្រនេះ ត្រូវបានបញ្ជាក់ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមវេជ្ជបណ្ឌិតសាអៀ ម៉ាអ៊ួ ព្យូកាឡា (Saia Ma’u Piukala) ប្រធានប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាលើកដំបូងនៅកម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក ក្នុងរយៈកាលជាច្រើនទស្សវត្សន៍កន្លងមក និងបានវាយតម្លៃខ្ពស់ ចំពោះអង្គការសុខភាពពិភពលោកក្នុងការចូលរួមចំណែកគាំទ្រ ដល់ការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា រហូតរៀងមក ដែលរួមមានទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ និងជាពិសេសក្នុងកាលៈទេសៈដ៏លំបាក ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ។

ឯកឧត្តមវេជ្ជបណ្ឌិត សាអៀ ម៉ាអ៊ួ ព្យូកាឡា បានសម្តែងនូវការអរគុណចំពោះ ការស្វាគមន៍ យ៉ាងកក់ក្តៅពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក្នុងដំណើរបេសកកម្មការងាររបស់ឯកឧត្តម ព្រម ទាំង បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេស ជាមួយនឹងការដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងការវិនិយោគជាបន្តបន្ទាប់ រហូតមានការរីកចម្រើនសង្គម-សេដ្ឋកិច្ចគួរឱ្យកត់សំគាល់ ។ ទន្ទឹមនេះ, ឯកឧត្តមវេជ្ជបណ្ឌិតក៏បានថ្លែងកោត សរសើរកម្ពុជាលើភាពជោគជ័យក្នុងការទប់ស្កាត់ និងឆ្លើយតបនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ និងការកែ ទម្រង់ប្រព័ន្ធសុខាភិបាល កម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនប្រកបដោយភាពធន់ និងរឹងមាំ ដែលអាចត្រៀមខ្លួនឆ្លើយតបទៅនឹងបញ្ហាប្រឈម និងជំងឺរាតត្បាតជាយថាហេតុនានាដែលអាចកើតមានឡើងនាពេលអនាគត ។

ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានថ្លែង អបអរសាទរដល់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥” ព្រមទាំងបានបញ្ជាក់ អំពីការគាំទ្រយ៉ាងមុតមាំរបស់ អង្គការសុខភាពពិភពលោក តាមរយៈកិច្ចសហការជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីជំរុញការអនុវត្តផែនទី បង្ហាញផ្លូវដ៏មានសារៈសំខាន់នេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងអំពី ភាពជោគជ័យ និងសមិទ្ធិផលរបស់កម្ពុជានាពេលបច្ចុប្បន្ន គឺជាផ្លែផ្កានៃការសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ។ ជាមួយគ្នានេះ, ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែល មាន សម្តេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី, “មនុស្ស” គឺជាអាទិភាពគន្លឹះទី១ នៃ “យុទ្ធសាស្រ្ត បញ្ចកោណ-ដំណាក់កាលទី ១” ហើយ “ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់ សុខភាពជាសកល នៅ កម្ពុជា”, ការបន្តលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងសុខុមាលភាពរបស់ពលរដ្ឋ តាមរយៈការបន្តជំរុញការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ, ប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, និងចីរភាព គឺជាកម្មវិធីគោលនយោបាយអាទិភាពទី១ សម្រាប់ការអភិវឌ្ឍ ប្រទេសក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្នើសុំឱ្យអង្គការសុខភាព ពិភពលោក បន្តគាំទ្រកម្ពុជា ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹង សេចក្តីសម្រេច ជា សកល របស់សន្និបាតអង្គការសុខភាពពិភពលោកស្តីពីបញ្ហាសុខភាព និងបម្រែបម្រួលអាកាសធាតុ ក៏ដូចជា កម្មវិធី ការងារទូទៅទីដប់បួនថ្មី របស់ អង្គការសុខភាពពិភពលោកឆ្នាំ ២០២៥ -២០២៨ ដែល មានគោលបំណង លើក កម្ពស់ការការពារសុខភាព និងសុខុមាលភាពសម្រាប់ មនុស្សទាំងអស់គ្នានៅគ្រប់ទី កន្លែង ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានជូនពរ ឯកឧត្តមវេជ្ជបណ្ឌិត ព្រមទាំងសហការីឱ្យទទួលបានជោគជ័យក្នុង ដំណើរបេសកកម្មរបស់ខ្លួន និងជឿជាក់ថា បេសកកម្ម ការងារនេះ នឹងរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយ អង្គការសុខភាពពិភពលោក ឱ្យកាន់តែរឹងមាំបន្ថែមទៀត ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត