សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាចិត្ត និងបង្ហាញពីឆន្ទៈដ៏មោះមុត ដោយតម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពខ្ពស់មួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្តេចផ្ទាល់សូមសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងនាមជាភាគីហត្ថលេខីនៃអនុសញ្ញានិងពិធីសារនានា សូមធ្វើការប្តេជ្ញាចិត្ត និងបង្ហាញពីឆន្ទៈដ៏ មោះមុតបំផុត ដោយតម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពខ្ពស់មួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឈានទៅសម្រេចទស្សនវិស័យច្បាស់លាស់ក្នុងការកសាងកម្ពុជា ទៅជាប្រទេសមួយដែលគ្រឿងញៀន លែងជាឧបសគ្គ និងបញ្ហារបស់សង្គមជាតិ។ នេះបើយោងតាមសារសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។
សម្តេចធិបតីបានបន្តថា សម្រាប់ឆ្នាំ២០២៤ នេះ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀននិងឧក្រិដ្ឋកម្ម គ្រឿងញៀន (UNODC) បានកំណត់ឱ្យមានការរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ភស្តុតាងបង្ហាញច្បាស់ថា ការវិនិយោគលើការបង្ការ គឺជាការចាំបាច់» (The Evidence is clear: Invest in Prevention) ក្នុងគោលបំណងបន្តលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន តាមរយៈការជំរុញ និងលើកទឹកចិត្តជនគ្រប់រូប គ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាននៃសង្គម ឱ្យចូលរួមកាន់តែសកម្មថែមទៀត ជាពិសេសលើការងារផ្សព្វផ្សាយ អប់រំ បង្ការ និងទប់ស្កាត់រាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។ ដោយឡែក ព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយបណ្តាប្រទេសជាសមាជិកទាំងអស់នៅលើសកលលោក ដោយបានរៀបចំឱ្យមានការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទូទាំង២៥ រាជធានី ខេត្ត ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន» ក្នុងគោលបំណងបន្តបំផុសនិងដាស់តឿនប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជន យុវនារី កម្មករ កម្មការនី និស្សិត និងសិស្សានុសិស្ស ទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់និងស្វែងយល់កាន់តែស៊ីជម្រៅថែមទៀតអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែល បង្កឡើងដោយសារគ្រឿងញៀន ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើតជាចលនាជាតិមួយ គឺចាត់ទុកបញ្ហា គ្រឿងញៀនជាបញ្ហារួម និងត្រូវចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ទាំងអស់គ្នា ស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន» សំដៅរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ។
យោងតាមរបាយការណ៍ស្តីពីស្ថានភាពគ្រឿងញៀនពិភពលោករបស់ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និន្នាការនៃការដាំដុះ ការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀនទាំងនៅក្នុងនិងក្រៅតំបន់ មិនទាន់មានការថយចុះឡើយ។ វិបត្តិដែលបង្កឡើងដោយជំងឺ កូវីដ-១៩ វិបត្តិជម្លោះប្រដាប់អាវុធនៅក្នុងតំបន់ សង្គ្រាមនៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា មិនបានរារាំងបង្អាក់ សកម្មភាពក្រុមឧក្រិដ្ឋជនគ្រឿងញៀននោះឡើយ ផ្ទុយទៅវិញបានបង្កើតជាឱកាសសម្រាប់បង្កើនការធ្វើសកម្មភាព លួចលាក់ផលិត កែច្នៃ ចរាចរ និងជួញដូរគ្រឿងញៀនពីកន្លែងមួយទៅកន្លែងមួយ និងពីប្រទេសមួយទៅប្រទេសមួយទៀត ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាព និងបង្កើតសោកនាដកម្មគ្រប់បែបយ៉ាងច្រើនរាប់មិនអស់ដល់ប្រជាពលរដ្ឋរាប់លាននាក់នៅលើសកលលោក ហើយក្នុងនោះកម្ពុជានៅតែទទួលរងឥទ្ធិពល អវិជ្ជមានទាំងនេះ ដែលបណ្តាលឱ្យករណីប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍នៅតែបន្តកើតមាន និងរីករាលដាល ដល់ជនបទផងដែរ។ ជាក់ស្តែងក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ កន្លងទៅនេះ បទល្មើសគ្រឿងញៀនជាច្រើន ពាន់ករណីត្រូវបានបង្ក្រាប ចាប់បានគ្រឿងញៀន និងឧបករណ៍ពាក់ព័ន្ធគ្រប់ប្រភេទ ព្រមទាំងសារធាតុគីមីផ្សំ ជាច្រើនតោនត្រូវបានចាប់យក ហើយជនសង្ស័យជាច្រើនពាន់នាក់ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការដើម្បី ផ្តន្ទាទោសតាមច្បាប់។
ឆ្លើយតបនឹងបញ្ហាទាំងនេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានប្តេជ្ញាចិត្តបន្តដើរតាមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបន្តចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទិសដៅអាទិភាព តាមរយៈការដាក់បញ្ចូលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបរិស្ថានគ្របដណ្តប់នៃស្នូលយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ វិធានការគន្លឹះទាំង៥ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និង ភាពសុខុដុមរមនាក្នុងសង្គមជាតិ ព្រមទាំងបានបន្តចូលរួមយ៉ាងសកម្ម ក្នុងគ្រប់យន្តការអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌ ទ្វេភាគី ពហុភាគី នៅក្នុងអនុតំបន់ តំបន់ និងលើសកលលោក។ ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀននៃអាណត្តិថ្មីនេះ ត្រូវបានមតិជាតិនិងអន្តរជាតិទទួលស្គាល់ថាជាយន្តការដ៏រឹងមាំនិងប្រកបដោយ វិសាលភាពធំធេង តាមរយៈការធ្វើកំណែទម្រង់ក្បាលម៉ាស៊ីនដឹកនាំ ដោយមាន ឧបនាយករដ្ឋមន្ត្រីចំនួន៤រូប ក្នុងនោះ ១ រូបជាប្រធាន ៣ រូបជាអនុប្រធាន ទេសរដ្ឋមន្ត្រី ១ រូបជាអនុប្រធានប្រចាំការ រួមជាមួយរដ្ឋមន្ត្រី និង ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមួយចំនួនទៀត ជាសមាជិក និងបានបង្កើតគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនមានភាពរឹងមាំ មុតស្រួច ស៊ីជម្រៅ ទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ឆ្លើយតបប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពទៅនឹងស្ថានភាពជាក់ស្តែងនៃបញ្ហាគ្រឿងញៀន ទាំងនៅកម្រិតថ្នាក់ជាតិនិងអន្តរជាតិ៕
ដោយ៖ពលជ័យ



