ឯកឧត្តម ហ៊ុន ម៉ានី៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលអាចសម្រេចបាននូវក្តីសង្ឃឹមជូនប្រជាជនកម្ពុជា និងរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញជូនប្រទេសជាតិ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដ៏រឹងមាំ និងជាគណបក្សតែមួយគត់ដែលអាចសម្រេចបាននូវក្តីសង្ឃឹមជូនប្រជាជនកម្ពុជា និងរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញជូនប្រទេសជាតិ។ ឯកឧត្តមក៏បានកោតសរសើរដល់សមាជិក សមាជិកា ទាំងអស់ដែលបានបំពេញការងារអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន។ ការបញ្ជាក់នេះ ក្នុងឱកាសនៃពិធីប្រកាសបញ្ចូលសមាជិកគណបក្ស និងប្រកាសតែងតាំងគណៈកម្មាធិការគណបក្សមូលដ្ឋាន គណៈកម្មធិការសាខាគណបក្ស នៃគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា គណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈបានរួមចំណែកយ៉ាងធំធេងក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨។ កន្លងមក ក្រៅពីការចូលរួមយ៉ាងសកម្មក្នុងការងារបក្ស និងការងារមូលដ្ឋាន ដែលគាំទ្រដល់គោលនយោបាយធំៗជាអាទិភាពរបស់គណបក្ស សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ បានចូលរួមយ៉ាងសកម្មក្នុងការពង្រឹងរដ្ឋបាលសាធារណៈគ្រប់ថ្នាក់ ជារដ្ឋបាលរបស់ប្រជាជន និងបម្រើផលប្រយោជន៍ប្រជាជន រួមទាំងការបន្តជំរុញការកែទម្រង់ដើម្បីអភិបាលកិច្ចល្អ។ សកម្មភាពទាំងនេះត្រូវបានមើលឃើញ ជាក់ស្តែងតាមរយៈការចូលរួមក្នុងកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ និងការចូលរួមលើកកម្ពស់ប្រសិទ្ធភាព និងសមិទ្ធកម្មស្ថាប័ន រួមទាំងការអនុវត្តប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្មជាដើម។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តទៀតថា ការចូលរួមក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ របស់សមាជិក សមាជិកាទាំងអស់ គឺជាការធានាដល់ការកសាងបាននូវរដ្ឋបាលសាធារណៈមានសមត្ថភាព ខ្លាំង វៃឆ្លាត ស្អាតស្អំ និងផ្តោតលើប្រជាជន សំដៅដល់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសង្គមប្រកបដោយសមធម៌ យុត្តិធម៌ និងបរិយាបន្ន។
ក្នុងឱកាសនៃពិធីប្រកាសបញ្ចូលសមាជិកគណបក្ស និងប្រកាសតែងតាំងគណៈកម្មាធិការគណបក្សមូលដ្ឋាន គណៈកម្មធិការសាខាគណបក្ស នៃគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈនារសៀលនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានចូលរួមអបអរសាទរដល់សមាជិក សមាជិកាដែលទើបត្រូវបានអនុញ្ញាតរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏រឹងមាំ និងជាគណបក្សតែមួយគត់ដែលអាចសម្រេចបាននូវក្តីសង្ឃឹមជូនប្រជាជនកម្ពុជា និងរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញជូនប្រទេសជាតិ។ ទន្ទឹមនេះ សូមកោតសរសើរដល់សមាជិក សមាជិកា ទាំងអស់ដែលបានបំពេញការងារអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី



