ភ្លៀងធ្លាក់ខ្លាំងសម្លាប់មនុស្ស ២៧ នាក់នៅអាមេរិកកណ្តាល
បរទេស៖ មន្ត្រីបាននិយាយ កាលពីថ្ងៃសុក្រថា ភ្លៀងធ្លាក់ខ្លាំងពាសពេញតំបន់អាមេរិកកណ្តាល បានបណ្តាលឲ្យមនុស្សស្លាប់ យ៉ាងតិច ២៧នាក់ ក្នុងពេលរអិលបាក់ដី និងទឹកជំនន់ រយៈពេលមួយសប្តាហ៍កន្លងមកនេះ ដូចជា នៅប្រទេស El Salvador, ក្វាតេម៉ាឡា (Guatemala) និងប្រទេស ហុងឌុយរ៉ាស់ (Honduras) ផងដែរ។
រដ្ឋមន្ត្រីក្រសួងបរិស្ថានប្រទេស El Salvador និយាយថា ទឹកជំនន់នេះគឺជាលទ្ធផល នៃសម្ពាធទាបលើមហាសមុទ្រប៉ាស៊ីហ្វិក ជាមួយនឹងឥទ្ធិពលដោយប្រយោល ពីព្យុះត្រូពិច Alberto ដែលបានបណ្តាលឱ្យមនុស្ស ៤ នាក់បានស្លាប់ នៅក្នុងប្រទេសម៉ិកស៊ិក។
ផ្នែកការពារស៊ីវិល El Salvador បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា «ជាអកុសលចំនួនអ្នកស្លាប់ឥឡូវនេះ បានកើនឡើងដល់ ១៩ នាក់ ដែលជាព្រឹត្តិការណ៍ដ៏គួរឱ្យសោកស្ដាយបំផុត» ។
នៅប្រទេសហ្គាតេម៉ាឡា ដែលនៅជិតខាង អាជ្ញាធរបានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៧ នាក់ត្រូវបានកត់ត្រា ហើយបាននិយាយថា ទឹកជំនន់បានធ្វើឱ្យខូចផ្លូវថ្នល់ និងស្ពាន។
គណៈកម្មាធិការអចិន្ត្រៃយ៍របស់ប្រទេសហុងឌូរ៉ាសវិញ បានរាយការណ៍ថា មានអ្នកស្លាប់ម្នាក់ ហើយមនុស្សចំនួន ៣៥០០នាក់ បានរងផលប៉ះពាល់ និងផ្ទះជាង ២០០ខ្នង បានខូចខាត។
សហគមន៍ជាច្រើនត្រូវបានកាត់ផ្តាច់ ដោយសារតែការកើនឡើងនៃទន្លេ នៅភាគខាងត្បូងប្រទេស ហុងឌូរ៉ាស នៅជិតព្រំដែនជាមួយប្រទេស El Salvador នេះបើយោងតាមអ្នកកាសែត AFP ។ នីការ៉ាហ្គា ពុំទាន់មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ទេ ប៉ុន្តែ អាជ្ញាធរព្រមានអំពីការកើនឡើងនៃទឹកទន្លេ ជន់លិចផ្ទះ និងការខូចខាតផ្លូវថ្នល់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត