ការលក់ឡាន EV នៅអឺរ៉ុបធ្លាក់ចុះ តែការទិញ hybrid កើនឡើង

បរទេស៖ សមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប ហៅកាត់ ACEA បានប្រកាសថា ការលក់រថយន្តអគ្គិសនី ឬ EV ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ នៅអឺរ៉ុប បានធ្លាក់ចុះ នៅក្នុងខែឧសភា ក៏ប៉ុន្តែការលក់រថយន្តកូនកាត់ ហាយប្រ៊ីដ (hybrid) ឬ រថយន្តប្រើម៉ាស៊ីនលាយជាមួយអាគុយសាកអគ្គិសនី បានកើនឡើង។

អឺរ៉ុបបានដាក់គោលដៅ ហាមឃាត់ការលក់រថយន្ត ដំណើរការដោយថាមពលឥន្ទនៈទាំងអស់ នៅត្រឹមឆ្នាំ២០៣៥។ ប៉ុន្តែ ការលក់រថយន្ត EV បានធ្លាក់ចុះ តាំងពីចុងឆ្នាំ២០២៣មក ដែលភាគច្រើន ដោយសារតែកង្វះនៃម៉ូដែលឡានអគ្គិសនី ដែលមានតម្លៃសមរម្យ នេះបើតាមប្រភពដដែល។

ACEA បន្ថែមទៀតថា ឡានអគ្គិសនីបានធ្លាក់ចុះអត្រាគ្របដណ្តប់ ទីផ្សាលក់រថយន្ត ពី១៣.៨ ភាគរយ កាលពីឆ្នាំ២០២៣ មកនៅត្រឹម ១២.៥ភាគរយ នៅក្នុងខែឧសភា ឆ្នាំ២០២៤ នេះបើយោងតាមស្ថិតិប្រចាំខែ ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែ របាយការណ៍ ACEA បង្ហាញថា ការលក់ឡានអគ្គីសនីកូនកាត់ បានកើនឡើងពី ១ភាគ៤ ដល់ជិត៣០ភាគរយ។

ជាការកត់សម្គាល់សម្រាប់ទីផ្សាសំខាន់ៗនៅអឺរ៉ុប ការលក់រថយន្តអគ្គិសនីបានកើនឡើង តែក្នុងប្រទេសបារាំង និងបែលហ្ស៊ិកប៉ុណ្ណោះ។ ការលក់បានបន្តធ្លាក់ចុះ ក្នុងប្រទេសអាឡឺម៉ង់ បន្ទាប់ពីការលើកទឹកចិត្តប្រជាជន ក្នុងការទិញ EV ត្រូវបានលុបចោលវិញ នៅចុងឆ្នាំ២០២៣៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner