នាយករដ្ឋមន្ត្រីឥណ្ឌាធ្វើលំហាត់ Yoga នៅ Kashmir
បរទេស៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃសុក្រ បានធ្វើលំហាត់ Yoga ជាមួយអ្នកចូលរួមផ្សេងៗទៀត នៅក្នុងតំបន់កាស្មៀ (Kashmir) ដែលវាជាផ្នែកមួយ នៃព្រឹត្តិការណ៍ទិវាយោគៈ អន្តរជាតិ លើកទី ១០។
លោកនាយករដ្ឋមន្ត្រី Modi មានប្រសាសន៍ថា «ច្បាស់ណាស់ Yoga បានក្លាយជាកម្លាំងបង្រួបបង្រួម ដោយប្រមូលផ្តុំមនុស្ស ដើម្បីវប្បធម៌ និងជាប្រវត្តិសាស្រ្ត»។
លោកបានបន្តថា «ទិវា Yoga អន្តរជាតិ លើកទី១០ ត្រូវបានប្រារព្ធឡើង ក្នុងទ្រង់ទ្រាយធំ នៅទូទាំងពិភពលោក ដោយសារការខិតខំប្រឹងប្រែងរួមគ្នា របស់បុគ្គល សហគមន៍ និងអង្គការ ដែលបានមករួមគ្នា និងអនុវត្តYoga »។
លោក Modi បានបន្តថា លោករីករាយដែលបានឃើញយុវជនចូលរួម ក្នុងលំហាត់ Yoga ដោយភាពខ្នះខ្នែង និងការយកចិត្តទុកដាក់បែបនេះ។ លោកសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងបន្តទៅមុខយ៉ាងវែងឆ្ងាយ ក្នុងការពង្រឹងភាពរួបរួម និងភាពសុខដុមរមនា។
គួរបញ្ជាក់ថា កាស្មៀរត្រូវបានបែងចែក រវាងឥណ្ឌា និងប៉ាគីស្ថាន ចាប់តាំងពីទទួលបានឯករាជ្យពីការគ្រប់គ្រងរបស់អង់គ្លេស ក្នុងឆ្នាំ១៩៤៧ ហើយកន្លងមក ក៏មានការប្រយុទ្ធគ្នា ដើម្បីគ្រប់គ្រងទឹកដីមួយនេះដែរ។ នេះគឺជាវត្តមានលើកដំបូង របស់លោកនាយករដ្ឋមន្ត្រី Modi នៅតំបន់នោះ ចាប់តាំងពីលោកបានស្បថចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីឥណ្ឌា សម្រាប់អាណត្តទី៣ របស់លោក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត