ឯកឧត្តម គង់ អៀង៖ សមិទ្ធផលសំខាន់ និងការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសសាលារៀន គឺកើតចេញពីកត្តាសន្តិភាព

(ភ្នំពេញ)៖ វិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ បានរៀបចំប្រារព្វពិធី “ ទិវាជួបឪពុកម្តាយ ” ប្រចាំឆ្នាំ២០២៤ ដើម្បីដាក់តាំងពិព័រណ៍ស្នាដៃសិស្សបង្ហាញជូនមាតា បិតា អ្នកអាណាព្យាបាល និងសហគមន៍ បន្ទាប់ពីពួកគេបានរៀនទ្រឹស្តី និងអនុវត្តជាក់ស្តែងក្នុងរយៈពេលមួយឆ្នាំសិក្សាកន្លងមក នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

លោក សៅ ចន្ថា បានឱ្យដឹងថា វិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ បានអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី បានដល់ឆ្នាំទី៧ ដោយទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពសាលារៀនជំនាន់ថ្មី ដែលវាយតម្លៃ និងផ្តល់ឱ្យដោយ «អនុគណៈកម្មការវាយតម្លៃគុណភាពសាលារៀនជំនាន់ថ្មី» ជាបន្តបន្ទាប់រយៈពេលបីឆ្នាំ។ ក្នុងរយៈពេលជិតប្រាំមួយឆ្នាំនេះសាលាទទួលបានសមិទ្ធផលជាច្រើនដូចជា ការជួសជុលបន្ទប់សិក្សា តុ ទូ កៅអីថ្មី បំពាក់សម្ភារពិសោធន៍ មានបណ្ណាល័យសតវត្សរ៍ទី២១ មានសៀវភៅសិក្សាគ្រប់ប្រភេទ របៀបសិក្សាទំនើប បំពាក់ប្រព័ន្ធអេឡិចត្រូនិច កុំព្យួទ័រ ថេបលេត ការបណ្តុះបណ្តាលគ្រូ មានកម្មវិធីសូហ្វែថ្មីៗ និងប្រព័ន្ធអ៊ិនធ័រណេត ព្រមទាំងបានសាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀនបានជាច្រើនដូចជាអាហារដ្ឋាន ប្រព័ន្ធលូរំដោះទឹកភ្លៀង…។ល។ លោក បន្តថា ចំពោះការចូលរួមកម្មវិធីប្រកួតប្រជែងនានាទាំងថ្នាក់ជាតិ និងអន្តរជាតិ វិទ្យាល័យទទួលបានលទ្ធផល មេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធិជាច្រើនគ្រឿង និង ពានរង្វាន់
បណ្ណសរសើរផងដែរ។

លោកនាយកវិទ្យាល័យ បន្ថែមថា ក្រៅពីនោះវិទ្យាល័យ បានបង្កើតទំនាក់ទំនងជាមួយដៃគូរេះ ដើម្បីគាំទ្របន្ថែមដល់ការសិក្សា និងឱកាសអាហាររូបករណ៍នានារបស់សិស្សានុសិស្ស សាលាបានបង្កើតទំនាក់ទំនងចុះអនុស្សារណៈយោគយល់ (MoU) រវាងសាលា និងសាកលវិទ្យាល័យនានាទាំងក្នុងនិងក្រៅប្រទេស ដើម្បីផ្សាភ្ជាប់នឹងការអនុវត្តជាក់ស្ដែង ហើយថ្ងៃនេះជាឱកាសមួយដែលក្មួយៗទាំងអស់បានបង្ហាញនូវសម្ថភាព ការច្នៃប្រឌិត និងការអនុវត្តជាក់ស្តែង លើការសិក្សាតាមបែបគម្រោង ដែលផ្ដោតលើមុខវិជ្ជាស្តែម រួមមាន មុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលក្រសួងអប់រំកំពុងយកចិត្តដាក់យ៉ាងខ្លាំង ដើម្បីឱ្យស្របនឹងបណ្តាប្រទេសជឿនលឿននានា។ ទើបកម្មវិធីសាលារៀនជំនាន់ថ្មី ខិតខំយកចិត្តទុកដាក់រៀបចំ ឱ្យមានកម្មវិធីនេះឡើង ដើម្បីឱ្យកូនយើង សហគមន៍យើង មានឱកាស និងសមត្ថភាពប្រកួតប្រជែងលើឆាកជាតិ និងអន្តរជាតិបានកាន់តែទូលំទូលាយថែមទៀត ស្របនឹងពាក្យស្លោក «សហគមន៍ ជាដៃគូរអភិវឌ្ឍ។

ឯកឧត្តម គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ប្រព័ន្ធអប់រំស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី៥ របស់រដ្ឋាភិបាល និងនីតិកាលទី៧ នៃរដ្ឋសភាជាតិ ដើម្បីឆ្លើយតបទៅនឹងការអប់រំតាមបែបសតវត្សរ៍ទី២១ ដោយមានការគាំទ្រនូវបច្ចេកទេស និងសម្ភារៈទំនើបៗយ៉ាងសម្បូរបែបសម្រាប់គាំទ្រការរៀន និងបង្រៀន សំដៅធ្វើយ៉ាងណាដើម្បីឱ្យសិស្សមានចំណេះដឹង ចំណេះធ្វើ និងឥរិយាបថ ឆ្លើយតបនឹងទីផ្សារការងារនាពេលបច្ចុប្បន្ននិងទៅអនាគត។ ឯកឧត្តម អនុរដ្ឋលេខាធិការ បន្តថា សមិទ្ធផលសំខាន់ និងការរីកចំរើនលើគ្រប់វិស័យ ជាពិសេសសាលារៀន គឺកើតចេញពីកត្តាសន្តិភាព ។ ជាមួយគ្នានេះ ឯកឧត្តម គង់ អ៊ាង ក៏បានឧបត្ថម្ភថវិកា៤លានរៀនសម្រាប់កម្មវិធី និង៨លានរៀលសម្រាប់ទិញសម្ភារផ្សព្វផ្សាយ និងគាំទ្រអោយស្វែងរកវិស្វករ ដើម្បីគូផ្លង់បង្កើតសួនសន្តិភាពតេជោ ក្នុងសាលារៀន។

គួរបញ្ជាក់ថា វិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៧ មានឈ្មោះថា«សាលាមធ្យមសិក្សាកំរិត២ ព្រែកអញ្ចាញ»ជាឧបសម្ព័នសាលាមធ្យមសិក្សាកំរិត២ ខ្សាច់កណ្តាលត្រូវបានដាក់ឱ្យអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មីដោយក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីឆ្នាំសិក្សា២០១៧-២០១៨ ដំណាក់កាលដំបូងចាប់ផ្តើមពីថ្នាក់ទី៧ និងថ្នាក់ទី៨ មានសិស្សចំនួន២៩០នាក់ ស្រី១៧៣នាក់ ចែកជា១២ថ្នាក់ មានគ្រូបំរើការចំនួន២៥នាក់ ស្រី១៣នាក់ ក្នុងឆ្នាំសិក្សា២០២២-២០២៣ នេះមានសិស្សសរុបចំនួន ១២៤៩នាក់ស្រី ៦៩៣នាក់ ចែកចេញជា ៣៦ថ្នាក់ មានបុគ្គលិកបម្រើការក្នុងកម្មវិធីសរុបចំនួន ៨៣នាក់ស្រី ៣២នាក់៕

អត្ថបទ ៖ ចាន់ វិចិត្រ
រូបភាព ៖ ងីម ឆាយហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner