កម្ពុជាប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន៤១ អដ្ឋិធាតុ ដើម្បីធ្វើមាតុភូមិនិវត្តន៍

បន្ទាយមានជ័យ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤​បាន​ប្រារព្ធ​ពិធីបែបសាសនា និងបែបផ្លូវការរដ្ឋក្នុងប្រគល់អដ្ឋិធាតុ​កងទ័ពស្ម័គ្រចិត្តយុទ្ធមិត្តវៀតណាមដែលបានពលីជីវិតនៅក្នុងសម័យសង្រ្គាម ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្នុង​ភូមិសាស្រ្ត​ខេត្តបន្ទាយមានជ័យ ។

ឧត្តមសេនីយ៍ត្រីយ៍ ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងបន្ទាយមានជ័យបានឱ្យដឹងថា អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និង​​អដ្ឋិធាតុជំនាញការវៀតណាមដែលពលីលើ​សមរភូមិនា​សម័យសង្គ្រាមត្រូវបានជីករុករកឃើញក្នុងភូមិសាស្រ្ត​ខេត្តបន្ទាយ​​មានជ័យចំនួន៤១អដ្ឋិធាតុ ហើយត្រូវបាន​ធ្វើពិធីប្រគល់ឱ្យក្រុមK71វៀតណាម ដើម្បីយកអដ្ឋិធាតុ​ទាំងនោះ ធ្វើមាតុភូមិនិវត្តន៍​ក្នុងវគ្គ២ ដំណាក់កាលទី២៣ ។

ក្នុងពេលអញ្ជើញមកទទួល​លោកវរសេនីយ៍ឯកបំរុង ផាន វ៉ាន់ឡុង ប្រធាននយោបាយក្រុមK71 បានថ្លែងអំណរ​គុណចំពោះរាជ​រដ្ឋាភិបាលកម្ពុជា អាជ្ញាធរដែនដីគ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជា​ពលរដ្ឋ ដែលបានសហការល្អក្នុងការ​ស្វែង​រក​អដ្ឋិធាតុកងទ័ព​ស្ម័គ្រចិត្តវៀតណាម ដើម្បីបានវិលត្រឡប់ទៅកាន់មាតុប្រទេស​វិញ ។លោកក៏បានអរគុណដល់ក្រុមការងារ តំបន់ប្រតិបត្តិ​ការ​សឹក​រងបន្ទាយមានជ័យដែលតែងតែជួយសម្រួលការងារ​ជូន​ដល់ក្រុមការងារ K71 របស់វៀតណាមផងដែរ ។

អញ្ជើញចូលរួមក្នុងពិធីនេះដែរលោក លី សុវណ្ណារិទ្ធ អភិបាល​រង​ខេត្តបន្ទាយមានជ័យបញ្ជាក់ពីបន្តកិច្ចសហការល្អ ក្នុងការ​ស្វែងរក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលនៅ​សេស​សល់នៅឡើយជាមួយក្រុមការងារ K71 របស់វៀតណាម ក្នុងស្មារតីសាមគ្គីភាព ភាតរភាពមិត្តភាពប្រទេសទាំងពីរ។លោកក៏បានណែនាំដល់កម្លាំងប្រតិបត្តិការសឹករង អាជ្ញាធរ​មូលដ្ឋាន និងប្រជាពលរដ្ឋបន្តចូល​រួមការងារនេះក្នុងន័យ​មនុស្សធម៌។

គប្បីជម្រាបថា វត្តមានកងទ័ពស្ម័គ្រចិត្តវៀតណាម បានកើត​ឡើងក្នុងការចូលរួមជាមួយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពជាក្នុងការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍​​ប៉ុលពត រហូតទទួលបានជ័យជម្នះនាថ្ងៃទី៧ មករាឆ្នាំ១៩៧៩ និងបន្ត​នៅជួយទប់ស្កាត់ការវិលត្រឡប់វិញនូវរបបខ្មែរ​ក្រហម​​រហូត​​ដល់ឆ្នាំ១៩៨៩៕
អត្ថបទនិងរូបភាព៖ គៀន ច័ន្ទហ៊ីន

ads banner