មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ត្រូវបានផ្អាកតំណែង (Video Inside)

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិនម្នាក់ ត្រូវបានផ្អាកមុខតំណែង ដើម្បីតាមដានក្នុងហេតុការណ៍ជម្លោះមួយ ជាប់សង្ស័យនឹងការបំពានអំណាច។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស វរសេនីយ៍ឯក ស ប៊ុនសឿង ត្រូវបានផ្អាកមុខតំណែងពីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ក្រោយការតាមដានមួយជំហាន ក្នុងដំណាក់កាលដំបូង លើជម្លោះមួយ ដែលនាំឱ្យមានការចាប់ខ្លួន អ្នករត់តាក់ស៊ីម្នាក់ឈ្មោះ ហូ ទ្រី។

យោងតាមវីដេអូដែលចែកចាយនៅតាមបណ្តាញសង្គមបានឱ្យដឹងថា ជម្លោះនេះបានកើតតាំងពីថ្ងៃទី១២ មិថុនា ដោយមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តនោះ បានជួលឡាន អ្នករត់តាក់ស៊ីឈ្មោះ ហូ ទ្រី ដឹកកង់ហាត់ប្រាណរបស់លោក ក្នុងតម្លៃ ៨ម៉ឺនរៀល ប៉ុន្តែលោក ស ប៊ុនសឿង បានឱ្យអ្នករត់តាក់ស៊ីតែ ៦ម៉ឺនរៀលប៉ុណ្ណោះ។ សេចក្តីរាយការណ៍បន្តថាវរសេនីយ៍ឯក ស ប៊ុនសឿង មិនត្រឹមតែមិនឱ្យលុយគ្រប់ចំនួនទេ ប៉ុន្តែថែមទាំងនាំកូនចៅទៅចាប់អ្នករត់តាក់ស៊ីនោះថែម។

ព័ត៌មានផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីរឿងចាប់អ្នករត់តាក់ស៊ីនោះ បាននាំឱ្យការរិះគន់ ជាសាធារណៈតាមបណ្តាញសង្គម។

សេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថដដែលនៅជាមួយនឹងការផ្អាកមុខតំណែង របស់មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិននោះ បានបញ្ជាក់ថា គេបានធ្វើសំណើបង្កើតក្រុមវិន័យ «មុននឹងដាក់ទណ្ឌកម្មតាមលក្ខន្តិកៈទូទៅ» ដែល «ត្រូវសុំយោបល់ក្រុមប្រឹក្សាវិន័យជាមុនសិន»។

ads banner