ក្រសួងប្រៃសណីយ៍ និងក្រសួងការងារ ឯកភាពគ្នាដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ និងជំរុញការធ្វើបរិវត្តកម្មឌីជីថល

ភ្នំពេញ៖ ឯកឧត្តមជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នានៅទីស្តីការ ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាល ផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh) និងជំរុញការធ្វើបរិវត្តកម្មឌីជីថល។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងជួយគាំទ្រការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួង ព្រមទាំងជួយរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការ និងជួយរៀបចំគាំទ្រខាងផ្នែកអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាក្នុងក្រសួងផងដែរ។

បន្ថែមពីនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងប្រើប្រាស់ប្រព័ន្ធថ្នាលផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh)នេះ សម្រាប់បណ្ណ/សៀវភៅការងាររបស់កម្មករនិយោជិតខ្មែរ សមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) វិញ្ញាបនបត្រវិជ្ជាជីវៈកម្រិត(១,២,៣) វិញ្ញាបនបត្របញ្ជាក់សមត្ថភាព សញ្ញាបត្របច្ចេកទេសជាន់ខ្ពស់ បរិញ្ញាបត្របច្ចេកទេស និងឯកសារផ្លូវការផ្សេងៗទៀតរបស់ក្រសួង។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលផ្តល់ការគាំទ្របច្ចេកទេសបន្ថែមដែលនឹងធ្វើឱ្យសេវាសាធារណៈឯកសារផ្លូវការដែលចេញផ្សាយដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាន់តែធានាបាននូវសុក្រឹត្យភាព និងត្រឹមត្រូវដោយទប់ស្កាត់បាននូវការក្លែងបន្លំ ក៏ដូចជាផ្តល់ភាពកាន់តែងាយស្រួលបន្ថែមទៀតដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរតាមរយៈអនុស្សរណៈនាពេលនេះ នឹងចូលរួមជំរុញការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner