បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់​ខ្ពស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ។

ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) គឺជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋា ភិបាល កម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជាឱ្យស្របតាម ការ រីកចម្រើនផ្នែកបច្ចេកវិទ្យា។

បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគោលបំណង៖ បន្តនិរន្តរភាពនៃការ បណ្តុះបណ្តាលនៅ កម្រិត ឧត្ដមសិក្សា ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ, ពង្រឹងគុណភាព នៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់ថ្នាលអប់រំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាល័យជាសមាជិក, ផ្ដល់លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក និងបើកចំហធនធានសិក្សាទៅកាន់ អ្នក សិក្សាក្នុងតំបន់ និងសាកលលោក។

គិតចាប់ពីឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគ្រឹះស្ថានឧត្តមសិក្សា សា ធារណៈ និងឯកជនចំនួន១២ បានចូលជាសមាជិក រួមមាន៖ ១៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា , ២៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, ៣៖ សាកលវិទ្យាល័យជាតិបាត់ដំបង, ៤៖ សាកលវិទ្យាល័យស្វាយរៀង ,៥៖ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ,៦៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ,៧៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង , ៨៖ សាកលវិទ្យាល័យជាស៊ីមកំចាយមារ ,៩៖ សាកលវិទ្យាល័យក្រចេះ ,១០៖ វិទ្យាស្ថានគរុកោសល្យបាត់ដំបង , ១១៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និង ១២៖ សាកលវិទ្យាល័យអង្គរ ។

ដើម្បីសម្រេចគោលបំណងខាងលើនេះ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា បានដាក់ចេញផែនការសកម្មភាព រយៈពេល៣ឆ្នាំ ជា ៣ដំណាក់កាលធំៗ រួមមាន៖ ដំណាក់កាលទី១៖ ក្នុងឆ្នាំ២០២៣ ផ្តោតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសមត្ថភាព ដោយក្នុងនោះ សាកលវិទ្យាល័យចំនួន៦ ដែលជាសមាជិកដំបូង បានចាប់ផ្តើមផលិត និងដំណើរការមាតិកា និងខ្លឹមសារមេរៀន តាម អនឡាញ។ ដំណាក់កាលទី២៖ ក្នុងឆ្នាំ២០២៤ ផ្តោតលើការបង្កើតមេរៀនរួមគ្នា ឬកម្មវិធីរួមគ្នារវាងសាកលវិទ្យាល័យជាសមាជិក ដើម្បីផ្តល់លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សានិងដំណាក់កាលទី៣៖ ក្នុងឆ្នាំ២០២៥ គឺជាការបើកចំហធនធានសិក្សារបស់កម្ពុជាទៅកាន់តំបន់ និងពិភពលោក។

គិតត្រឹមឆ្នាំ២០២៤នេះ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជាសម្រេច​បានសមិទ្ធផលការងារដូចជា៖ បង្កើត និងកែលម្អបន្ទប់ស្ទីឌីយោសម្រាប់​សាកលវិទ្យាល័យចំនួន៥ , បានតភ្ជាប់បញ្ចូលគ្នារវាងហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថលរបស់សាកលវិទ្យាល័យសមាជិក ចំនួន៦ ,បានរៀបចំបង្កើតដូម៉ែន (domain) និងបង្កើតប្រព័ន្ធគ្រប់គ្រងការរៀន និងបង្រៀន និង បានដាក់ឱ្យដំណើរការនៅលើ moodle.ccun.edu.kh , អភិវឌ្ឍសមត្ថភាពសាស្ត្រាចារ្យ និងបុគ្គលិកចំនួន ៥៤នាក់ លើជំនាញផលិតមេរៀន ផលិតធនធានសិក្សាអនឡាញ ប្រព័ន្ធគ្រប់គ្រងការរៀន និងបង្រៀនតាមប្រព័ន្ធអនឡាញ និងការគ្រប់គ្រងបណ្តាញតាមសាកលវិទ្យាល័យ, បានផលិតមាតិកាមេរៀនចំនួន ៦៩មុខវិជ្ជា សម្រាប់ដាក់ឱ្យអនុវត្តកម្មវិធីសិក្សាថ្នាក់ បរិញ្ញាបត្រចំនួន ១៨ ជំនាញឯកទេស និងបានទទួលនិស្សិតចុះឈ្មោះចូលរៀនចំនួន ៥,៤៣២នាក់ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner