សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ពង្រឹងវិស័យអប់រំផ្នែកបច្ចេកវិទ្យា ឆ្ពោះទៅកសាងពលរដ្ឋឌីជីថល
(ភ្នំពេញ)៖ កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ពង្រឹងវិស័យអប់រំផ្នែកបច្ចេកវិទ្យា ឆ្ពោះទៅកសាងពលរដ្ឋឌីជីថល ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបណ្តាញសាកលវិទ្យាលយ័សាយប៊រកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងការពង្រឹងវិស័យអប់រំ ជាពិសេស ផ្នែកបច្ចេកទេសព័ត៌មាន គឺរាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តនូវគោលនយោបាយសំខាន់ៗ ក្នុងគោលដៅអនុវត្ត និងធ្វើទំនើបកម្មឧស្សាហកម្ម តាមរយៈការកសាងពលរដ្ឋឌីជីថលដែលមានសមត្ថភាពទទួលយកនូវបច្ចេកវិទ្យា ដោយមានពុទ្ធិជាមូលដ្ឋាន។
សម្ដេចធិបតី បានបញ្ជាក់ថា ក្នុងន័យនេះ ការផ្គត់ផ្គង់ធនធានមនុស្សដែលជាមូលធនមនុស្សមានសមត្ថភាពខ្ពស់ ជាមួយនិងចំណេះដឹងទូលំទូលាយផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សារព័ត៌មាន សារគមនាគមន៍ និងនវានុវត្តន៍ គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ។
ជាមួយនេះ សម្ដេចនាយករដ្ឋមន្ត្រី បានចាត់ទុកការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) ដែលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ គឺជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជា ឲ្យស្របតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យា។
សម្ដេចក៏បានសម្ដែងនូវការកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាបណ្ដាសាកលវិទ្យាល័យនីមួយៗ ព្រមទាំងនិស្សិតផ្ទាល់ដែលបានខិតខំ និងបង្ហាញនូវសមត្ថភាពរបស់ខ្លួន ជាពិសេសផ្នែកវិទ្យាសាស្ដ្រ។ បើទោះបីមិនទាន់មានលទ្ធភាព ក្នុងការអភិវឌ្ឍទៅផ្នែកពាណិជ្ជកម្មធំៗយ៉ាងណាក្ដី ប៉ុន្ដែក្រសួងអប់រំ សាកលវិទ្យាល័យ និងនិស្សិត បានប្រឹងប្រែងរួមគ្នាអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យានេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវការកែទម្រង់ស៊ីជម្រៅ សំដៅជំរុញការធានាបានមូលដ្ឋានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងសង្គមកម្ពុជា ដែលមានប្រជាជនប្រកបដោយចំណេះដឹង ទេពកោសល្យ សមត្ថភាពខ្ពស់ និងមានវប្បធម៌ជ្រៅជ្រះ ព្រមទាំងមានផលិតភាពការងារខ្ពស់សម្រាប់ចូលរួមលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ