មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មដឹកនាំមន្ត្រីជំនាញចុះវាយតម្លៃលទ្ធផលនៃការអន្តរាគមន៍លើការកម្ចាត់ដង្កូវហ្វូង លើដំណាំស្រូវប្រជាកសិករ នៅក្នុងខេត្តពោធិ៍សាត់

(ភ្នំពេញ)៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ទទួលបន្ទុកខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការអន្តរាគមន៍ និងនាំយកដ្រូនដើម្បីបាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូងបង្ហាញប្រជាកសិករ នៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថានៅក្នុងការបន្តចុះពិនិត្យ​អន្តរាគមន៍ធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ របស់មន្រ្តីជាន់ខ្ពស់របស់ក្រសួងនេះក្នុងគោលបំណងសិក្សា និងវាយតម្លៃលើការរាតត្បាតរបស់ដង្កូវហ្វូង ហើយណែនាំដល់ប្រជាកសិករដែលចូលរួមប្រមាណជិត២០០គ្រួសារ អំពីរបៀបប្រើថ្នាំកសិកម្មបាញ់កម្ចាស់ដង្កូវ ក្នុងតម្លៃសមរម្យ ហើយមិនប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

គួរបញ្ជាក់ថា ខេត្តពោធិ៍សាត់រងផលប៉ះពាល់ដោយសារដង្កូវហ្វូងបំផ្លាញ​ដំណាំ​ស្រូវប្រជាកសិករតិចជាងគេ ក្នុងចំណោម១៥ផ្សេងទៀត ដោយសារមានការទប់ស្កាត់​បានទាន់ពេល ធ្វើឱ្យកាត់ផ្តាច់ការវាយលុកនិងការរីករាលដាលរបស់ដង្កូវ ទាំងតំបន់​ដែល​ដង្កូវវាយលុក និងតំបន់ផ្សេងៗដែលកសិករបាញ់ថ្នាំកសិកម្មទប់ស្កាត់។

ទោះជាយ៉ាងណាឯកឧត្តមក៏អំពាវនាវទៅដល់កសិករទាំងអស់ត្រូវចុះពិនិត្យស្រែជាប្រចាំ ដោយសារបច្ចុប្បន្ននេះ ស្ថិតនៅក្នុងដំណាក់កាលផ្ទុះឡើងនៅដង្កូវហ្វូងនៅឡើយ។ បើសិនជាប្រជាកសិករមានភាពយឺតយ៉ាវក្នុងការចុះពិនិត្យឱ្យបានទាន់ពេលទេ ដង្កូវ​ហ្វូង​នោះអាចបំផ្លាញដំណាំស្រូវក្នុងរយៈពេល២ទៅ៣ថ្ងៃអស់តែម្តង។

ឯកឧត្ត​មបន្ថែមថា បើប្រជាកសិករជួបប្រទះនិងដង្កូវបំផ្លាញដំណាំស្រូវ ត្រូវរាយ​ការណ៍ ឬទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬអាចទំនាក់ទំន​ងទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក ដើម្បីឱ្យពួកគាត់ជួយផ្តល់ការណែនាំ​ផ្នែក​បច្ចេកទេស ឬរបៀបនៃការជ្រើសរើសថ្នាំសម្រាប់បាញ់សម្លាប់ដង្កូវនោះផងដែរ។

បើមិនមានការប្រែប្រួលទេ ឯកឧត្តបញ្ជាក់ថា តាមការបញ្ជាផ្ទាល់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ចាប់ពីថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ទៀត ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រុមការងារក្រសួង រួមទាំងអាជ្ញាធរ​ពាក់ព័ន្ធនៅទូទាំងប្រទេស នៅតែបន្តចុះយ៉ាងសស្រាក់សស្រាំយទៅគ្រប់ទីតាំង​ដែលមានការផ្ទុះរាតត្បាតដង្កូវហ្វូងបំផ្លាញ់ដំណាំស្រូវ ដើម្បីធ្វើការណែនាំអំពី​របៀបប្រើប្រាស់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូងជូនប្រជាកសិកម្មឱ្យបានជោគជ័យ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner