ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ធ្វើបទបង្ហាញ ជូនដល់មន្ត្រីនគរបាលយុត្តិធម៌ក្នុងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំព្រះរាជអាជ្ញារង ចំនួនបីរូបមកធ្វើបទបង្ហាញអំពីក្រមនីតិវិធីព្រហ្មទណ្ឌដល់មន្ត្រីនគរបាលយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន៧៦នាក់។បទបង្ហាញមាន៖ តួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ , មុខវិជ្ជា ,តួនាទីអយ្យការ ,កិច្ចស៊ើបអង្កេត-សហប្រតិបត្តិការនៃកងរាជអាវុធហត្ថ ។
បទបង្ហាញកាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ គឺតបតាមការអញ្ជើញរបស់ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បីពង្រឹងការអនុវត្តតួនាទី ភារកិច្ចការងាររបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងពេលប្រតិបត្តិការ ការងារស្រាវជ្រាវបទល្មើសឱ្យត្រូវតាមក្រមនីតិវិធីព្រហ្មទណ្ឌ ។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ដែលពាក់ព័ន្ធក្រមនីតិវិធីព្រហ្មទណ្ឌដែលមាន ៦១២មាត្រា មន្ត្រីនគរបាលយុត្តិធម៌ត្រូវស្វែងយល់ឱ្យបានច្បាស់លាស់ ក្នុងពេលអនុវត្តតួនាទី ភារកិច្ចជៀសវាងមានការប្តឹងមន្ត្រីនគរបាលយុត្តិធម៌ ឬមោឃភាពនីតិវិធី។ ឯកឧត្តមព្រះរាជអាជ្ញាបន្តថា បើមន្ត្រីនគរបាលយុត្តិធម៌ បើមានចម្ងល់ក្នុងការអនុវត្តនីតិវិធី ត្រូវទំនាក់ទំនងមកកាន់ព្រះរាជអាជ្ញាផ្ទាល់បាន ដើម្បីជៀសវាងរាល់កំហុសឆ្គងក្នុងនីតិធីវិធី ។
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានលើកឡើងថា ក្នុងការអនុវត្តកន្លងមកកងកម្លាំងរបស់លោកនៅមានចំណុចចខ្វះចន្លោះជាច្រើន ដែលធ្វើឱ្យសំណុំរឿងមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ តែដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការ ទើបដំណើរការរឿងនីមួយៗសម្រេចទៅដោយរលូន ៕
ដោយ៖ម៉ុន សំអាត