មូលនិធិគន្ធបុប្ឆាទទួលបានថវិកាជិតបីលានដុល្លារ ខណៈការបិទបញ្ចប់កាន់តែខិតជិតមកដល់ (Video Inside)

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគបានជាង ២លាន ៨៥ម៉ឺនដុល្លារហើយ ខណៈការបិទបញ្ចប់យុទ្ធនាការនេះនៅសល់តែប្រមាណ ៥ថ្ងៃចុងក្រោយទៀតតែប៉ុណ្ណោះ។

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេលមួយខែ ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ឆា ក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាប់ផ្តើមដំណើរការរបស់ខ្លួន កាលពីថ្ងៃទី១មិថុនា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់នៅថ្ងៃទី២៥មិថុនានេះថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ មូលនិធិគន្ធបុប្ផាកម្ពុជា គិតមកទល់នឹងពេលនេះ ទទួលបានការចូលរួមពីពលរដ្ឋចំនួន ១៩ម៉ឺន ៩ពាន់ ៨៨១នាក់ ដែលសរុបទឹកប្រាក់មានចំនួន ២លាន ៨៥ម៉ឺន ៩ពាន់ ៨០៨ដុល្លារអាមេរិក។

មូលនិធិគន្ធបុប្ឆា គឺជាមូលនិធិមួយដែលជួយទ្រទ្រង់លើដំណើរការមន្ទីរពេទ្យគន្ធបុប្ឆា ដែលត្រូវការប្រាក់ចំណាយច្រើនសិបលានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីជួយព្យាបាលកុមារ ដោយឥតគិតថ្លៃ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាមួយនឹងប្រសាសន៍ថ្លែងអំណរគុណ បានអំពាវនាវដល់ «បងប្អូនសប្បុរសជន ដែលមានបំណងចូលរួមបរិច្ចាគ ក្នុងយុទ្ធនាការ នៃការរក្សានិរន្តរភាព កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ»។

ads banner