សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍មួយចំនួន ដើម្បីបន្តជួយដល់អតីត​យុទ្ធជនកម្ពុជា

(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្ដល់នូវអនុសាសន៍មួយចំនួន ដើម្បីតម្រង់ទិស ធានាដល់ការសម្រេចបាននូវ​គោល​ដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីបន្តជួយដល់អតីតយុទ្ធជនកម្ពុជា ។

អនុសាសន៍របស់សម្តេចធិបតី រួមមាន៖ ទី១. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវជំរុញការបង្កើតគណៈ- កម្មការអភិវឌ្ឍសហគមន៍អតីតយុទ្ធជន ឃុំ-សង្កាត់ នៅតាមរាជធានី-ខេត្ត និង បន្តចុះប្រមូលទិន្នន័យអំពីស្ថានភាពជីវភាពបញ្ហាប្រឈម និងតម្រូវការរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ, និងរៀបចំកម្មវិធីអភិវឌ្ឍសហគមន៍អតីតយុទ្ធជន ឱ្យមានដំណើរការល្អ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់នូវសេវាគាំពារសុខុមាលភាព អតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរ ។

ទី២. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវបន្តអនុវត្តឱ្យបានល្អ និង មានប្រសិទ្ធភាព ក្នុងការបើកផ្ដល់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និង គ្រួសារ អតីតយុទ្ធជន និង ប្រាក់ធានារ៉ាប់រងសង្គម, ប្រាក់ឧបត្ថម្ភបូជាសព និង ប្រាក់ឧបត្ថម្ភមួយលើក, តាមរយៈ មូលនិធិជាតិជំនួយសង្គមនៅទូទាំងប្រទេស និង ត្រូវខិតខំជំរុញការអនុវត្ត គម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ ដូចដែលបានបញ្ចូលក្នុងផែនការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល ។

ទី៣. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្ត គោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និង គ្រួសារឱ្យកាន់តែមានប្រសិទ្ធភាព ។

ទី៤. សមាគមអតីតយុទ្ធជនកម្ពុជា គ្រប់ថ្នាក់ត្រូវបន្តពង្រឹង ពង្រីកសកម្មភាពសមាគម តាមស្មារតីនៃសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេសលើកទី ២ ។ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបន្តធ្វើជាស្នូលក្នុងការលើក កម្ពស់តួនាទីអតីតយុទ្ធជនក្នុងសង្គម និង លើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជនប្រកាន់ ខ្ជាប់នូវស្មារតីសាមគ្គីភាព និង ការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ព្រមទាំងចូលរួមក្នុង ចលនាប្រឡងប្រណាំង ៣ ពូកែ ដើម្បីជាប្រយោជន៍ដល់បងប្អូន និង ប្រទេសជាតិ ។

ទី៥. ក្រសួងស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរដែនដី និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចូលរួមក្នុងការជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន, ជាពិសេស ត្រូវយកចិត្តទុកដាក់ ជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជនដែលកំពុងជួបប្រទះការលំបាក ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner