ខែឧសភាឆ្នាំនេះ ថៃរកចំណូលបានជាង ២៦ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្ម

បាងកក៖ ការនាំចេញរបស់ប្រទេសថៃបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៤ខែ ដោយសម្រេចបានកំណើនចំនួន ៧.២ភាគរយក្នុងខែឧសភា ឆ្នាំ២០២៤នេះ ភាគច្រើនដោយសារការកំណើននាំចេញផលិតផលកសិកម្ម។

អគ្គនាយកការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម ថៃ លោក Poonpong Naiyanapakorn បានប្រកាសថា តម្លៃនៃការនាំចេញក្នុងខែឧសភាឆ្នាំនេះ បានកើនឡើងដល់ ២៦.២ពាន់លានដុល្លារ កើនឡើងចំនួន ៧.២ភាគរយ។ គិតចាប់ពីខែមករា ដល់ខែឧសភា ការនាំចេញរបស់ថៃបានកើនឡើងចំនួន ២.៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ ១២០ពាន់លានដុល្លារ ខណៈដែលការនាំចូលវិញ កើនឡើងចំនួន ៣.៥ភាគរយ ដល់ ១២៦ពាន់លានដុល្លារ។

ហើយបើគិតតែនៅក្នុងខែឧសភាមួយប៉ុណ្ណោះ ការនាំចេញផលិតផលកសិកម្ម និងកសិឧស្សាហកម្មរបស់ប្រទេសថៃ បានកើនឡើងចំនួន ១៩.៤ភាគរយ។ ទន្ទឹមគ្នា ក្រសួងពាណិជ្ជកម្មថៃរំពឹងថា ការនាំចេញក្នុងខែមិថុនាឆ្នាំនេះ នឹងបន្តកើនឡើងបន្ថែមទៀត ដែលជំរុញជាចម្បងដោយសារការនាំចេញផ្លែទុរេន។ ក្រសួងក៏រំពឹងផងដែរ នូវការកើនឡើងការនាំចេញផលិតផលទៅកាន់ប្រទេសឥណ្ឌា សម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំ២០២៤នេះ។

ប្រធានក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃ លោក Chaichan Chareonsuk បានព្យាករណ៍ថា ការនាំចេញនឹងកើនឡើងចំនួន ២ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤នេះ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Chaichan បានសម្តែងការព្រួយបារម្ភ អំពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដែលកំពុងបន្តនៅមជ្ឈិមបូព៌ា ដែលកំពុងបង្កើនថ្លៃដឹកជញ្ជូន និងពេលវេលាដឹកជញ្ជូន ក៏ដូចជាសន្ទុះសង្គ្រាមពាណិជ្ជកម្ម៕ ប្រភព៖ Thethaiger ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner