កម្ពុជា និងម៉ាឡេស៊ី នឹងពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ​បន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនឯកឧត្តម សាហារូឌីន ប៊ីន អន (SHAHARUDDIN BIN ONN) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានសម្ដែងនូវការពេញចិត្ត​ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម​ម្ហូបអាហារ Halal បច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញពីដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសម៉ាឡេស៊ី ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់​ភាគី​ម៉ាឡេស៊ី និងលទ្ធផលប្រកបដោយផ្លែផ្កា នៅខែកុម្ភៈ ឆ្នាំ២០២៤កន្លងមក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូតបានយល់ស្របគ្នា​អំពីសា​សំខាន់​ក្នុងការរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ច​សហ​ប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី តាមពេលវេលាសម​ស្របសម្រាប់​ភាគីទាំងពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងរិះរកវិស័យសក្តា​នុពលផ្សេងៗទៀតដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានពិភាក្សាអំពីកិច្ច​សហ​ប្រតិ​បត្តិការក្នុងក្របខ័ណ្ឌអាស៊ាន អង្គការសហប្រជាជាតិ និងវេទិកាអន្តរជាតិផ្សេង​ទៀត ដែលប្រទេសទាំងពីរធ្លាប់មានប្រវត្តិគាំទ្រគ្នាទៅវិញទៅមក ហើយនៅតែបេ្ដជ្ញា​ចិត្ត​បន្ដការគាំទ្រជាប្រពៃណីនេះតទៅទៀត៕

ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner