រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនកម្ពុជា លើ ៣ចំណុចសំខាន់ៗ

(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ដល់អតីតយុទ្ធជនកម្ពុជា លើ ៣ចំណុចសំខាន់ៗ រួមមាន៖ ទី១. ការផ្តល់កិត្តិយស ដោយកំណត់យកថ្ងៃទី ២១ ខែមិថុនា ជារៀងរាល់ឆ្នាំជា ទិវាអតីតយុទ្ធជនកម្ពុជា ក្នុងគោលបំណងរំឭកដល់គំរូវីរភាពដ៏មុះមុត និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន ដែលបានធ្វើពលីកម្មយ៉ាងអង់អាចក្លាហានក្នុងការរំដោះជាតិពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងក្នុងការការពារបូរណភាពទឹកដី កសាងសន្តិភាព និងស្ថិរភាពសង្គម ។ ទិវានេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ តបស្នងសងគុណដល់អតីតយុទ្ធជន និងចង់ឱ្យអ្នកជំនាន់ក្រោយយកគំរូតាមអតីតយុទ្ធជនក្នុងការបន្តរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងឆន្ទៈមនសិការសេ្នហាជាតិ ដោយរួមចំណែក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ។

ទី២. ការផ្តល់កិច្ចគាំពារដល់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ដោយបន្តគិតគូរ និងបានដំឡើងរបបសន្ដិសុខសង្គមប្រចាំខែ ដែលទាបជាង ឬស្មើ៧៧ម៉ឺនរៀល ឱ្យដល់ ៨២ម៉ឺន ៥ពាន់រៀល ដែលបានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤, ការផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌចំនួន៥ ម៉ឺនរៀល, និងការដំឡើងរបបឧបត្ថម្ភប្រចាំខែសម្រាប់អ្នកនៅក្នុងបន្ទុករបស់សពមន្ដ្រីរាជការស៊ីវិល និងសពអតីតយុទ្ធជន ជាដើម ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល បានផ្ដល់ប័ណ្ណថែទាំសុខភាព (ប.ស.ស) ជូនជនមានពិការភាព និវត្ដជន និងជនបាត់បង់សមត្ថភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអ្នកកាន់សៀវភៅធនាគាររបស់គ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស.) ដោយមិនបង់ប្រាក់ ។

ទី៣. ការផ្តល់ឱកាសដល់ក្រុមគ្រួសាររបស់អតីតយុទ្ធជន ឱ្យចូលរួមក្នុងកិច្ចការបម្រើជាតិមាតុភូមិដោយផ្ទាល់នៅក្នុងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាការចូលរួមដើម្បីធ្វើការបន្តវេន ផងដែរ ។

ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ដ្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងនោះ យុទ្ធសាស្ដ្របញ្ចកោណ-ដំណាក់កាលទី១ បានផ្ដោតការយកចិត្ដទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ជានិវត្ដន៍ជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការតាមរយៈចំណុចអាទិភាពសំខាន់ៗមួយចំនួន គឺសំដៅដល់ការគិតគូរចំពោះអតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ក្នុងនោះរួមមាន ការកសាងតំបន់ប្រវត្ដិសាស្ដ្រយោធាវិមានរំលឹកគុណ និងស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅតាមទីតាំងប្រវត្ដិសាស្ដ្រ ដើម្បីចារិកទុក និងតម្កល់និមិត្ដរូបវត្ថុតាង និងសមិទ្ធផលនានា សម្រាប់ជាថ្នាលបណ្ដុះមនសិការ “កតញ្ញូ សុខដុម និងការចូលរួម” និងជាមេរៀនសម្រាប់អ្នកជំនាន់ក្រោយចងចាំ រៀនសូត្រ គោរពដឹងគុណដល់ សម្ដេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្ដិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្ដិភាព និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ព្រមទាំងចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់យុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលបានធ្វើពលិកម្មប្រកបដោយវីរភាព ដើម្បីជាតិមាតុភូមិ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner