អ្នកភូមិបាញ់ឆ្គោលត្រេកអរ ខណៈស្ពានព្រៃក្រាំងសាងសង់ជិតរួចរាល់
កំពង់ឆ្នាំង៖ប្រជាពលរដ្ឋរស់នៅក្នុងភូមិបាញ់ឆ្គោល (បាញ់ឆ្គូល )ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងផ្ទាល់ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់កំពុងតែមានសេចក្តីត្រេកអរ ខណៈស្ពានដ៏សំខាន់ក្នុងមូលដ្ឋានមួយនេះបានចេញជារូបរាង ហើយជាស្ពានដែលរឹងមាំជាងមុន ។ការលំបាកដែលមានរយៈពេលជាងពីរឆ្នាំមកនេះ នឹងជំនួសវិញដោយស្ពានបេតុង ដែលកើតចេញពីការរួមគ្នារបស់ប្រជាពលរដ្ឋ និងការជួយឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំខេត្តពិសេសឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ។
គិតមកដល់ចុងខែមិថុនានេះស្ពាន”ស្ពានព្រៃក្រាំង” ស្ថិតនៅក្នុងភូមិបាញ់ឆ្គោលដែលសាងសង់ឡើងដោយបេតុងសម្រេចបានប្រមាណ៩០ភាគរយហើយ។ស្ពានបេតុងថ្មីនេះមានបណ្តោយប្រវែង២១ម៉ែត្រ ទទឹង៤,១០ម៉ែត្រ និងកម្ពស់៦ម៉ែត្រ។ពីដើមឡើយនៅទីនេះមានស្ពានឈើតូចល្មម តែបានបាក់ខូចខាតដោយសារទឹកជំនន់ហូរបុកផ្ដាច់ មិនអាចធ្វើដំណើរបានអស់រយៈពេលជាងពីឆ្នាំមកហើយ។
លោក សំ សំណាង មេភូមិបាញ់ឆ្គោលបានបញ្ជាក់ថាស្ពានបេតុងនេះកើតឡើងពីការខិតខំប្រឹងប្រែងជួយជ្រោមជ្រែងពីសំណាក់ឯកឧត្តម អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋ។លោកបន្តថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនាក្រុមជាងបានចាក់ប្លង់សេស្ពានមួយសន្លឹកនេះរួចរាល់។ទន្ទឹមនឹងនេះលោកមេភូមិបាញ់ឆ្គោល អំពាវនាវប្រជាពលរដ្ឋទូទៅដែលប្រើប្រាស់ស្ពាននេះ សូមចូលរួមថែរក្សាឱ្យបានឋិតថេរយូរអង្វែង។
ប្រជាពលរដ្ឋក្នុងភូមិបាញ់ឆ្គោលបានសម្តែងនូវទឹកចិត្តសប្បាយរីករាយជាពន់ពេកចំពោះសមិទ្ធផលថ្មីនេះ ព្រោះជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ឆ្លងកាត់ប្រកបការងារកសិកម្មនិងសម្រួលការឆ្លងកាត់ដឹកកសិផល និងធ្វើដំណើរបានយ៉ាងងាយស្រួល និងឆាប់រហ័ស ។
តំណាងប្រជាពលរដ្ឋមួយរូបបានថ្លែងអំណរគុណជូនចំពោះសប្បុរសជន និងថ្នាក់ទឹកនាំខេត្តកំពង់ឆ្នាំងដែលបានជួយឧបត្ថម្ភកសាងស្ពានតាំងពីចាប់ផ្ដើមដំបូងជាដំណាក់កាលៗ ដែលលោកតែងតែគិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋដែលជួបផលលំបាក ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ឬពូជសាសន៍អ្វីឡើយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេច
ធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ពិសេសអរគុណចំពោះឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ដែលលោកបានឧបត្ថម្ភការសាងសង់ឱ្យចប់សព្វគ្រប់៕
ដោយ៖សុខ គឹមសៀន