ឃាត់ខ្លួនគ្រូមន្តអាគមដែលប្រើអាវុធខុសច្បាប់ (Video Inside)

គ្រូមន្តអាគមអូមអាមអាយុ ៥៤ឆ្នាំម្នាក់ ដែលបានដកកាំភ្លើងខ្លីបាញ់ពោះខ្លួនឯងជាច្រើនគ្រាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទប្រើប្រាស់អាវុធខុសច្បាប់។

ឃ្លីបវីដេអូបង្ហោះរូបភាពលោកគ្រូមន្តអាគម ណុប សក្តា នៃខណ្ឌព្រែកព្នៅ ត្រូវបានគេបង្ហោះតាមបណ្តាញសង្គមព្រោងព្រាត នៅថ្ងៃទី២៤មិថុនា ដោយគេបានឃើញរូបគាត់ដកកាំភ្លើងខ្លី បាញ់ពោះខ្លួនឯង ក្នុងការសម្តែងឫទ្ធានុភាព នៃមន្តអាគម។

មិនមានសេចក្តីរាយការណ៍បញ្ជាក់ក្បោះក្បាយថា តើអំពើនោះ គឺជាការសម្តែងឬយ៉ាងណានោះឡើយ។ ប៉ុន្តែក្រោយការបង្ហោះឃ្លីបនោះរួចមក, ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាស្រាវជ្រាវ និងកោះហៅគ្រូមន្តអាគមរូបនោះ មកសាកសួរអំពីករណីមានអាវុធខុសច្បាប់។

គ្រូមន្តអាគមរូបនោះ បានសារភាពថាឃ្លីបវីដេអូបង្ហោះនោះ គឺតាំងពីខែមេសា ឆ្នាំ២០២២ ក្នុងពិធីមួយដែលធ្វើនៅផ្ទះរបស់គាត់។ ចំណែករឿងកាំភ្លើង គាត់បាននិយាយថា ជាកាំភ្លើងខ្លី ម៉ាកឡុក ដែលគាត់រើសបាន។ មិនមានការបញ្ជាក់ថា តើការរើសបានកាំភ្លើងនោះនៅកន្លែងណាមួយឡើយ។ គ្រូមន្តអាគមរូបនោះ បានប្រាប់សមត្ថកិច្ចថា កាំភ្លើងនោះសោតទៀត ក៏ត្រូវបានគាត់យកទៅបោះចោលនៅក្នុងជ្រោះមួយកន្លែង ក្នុងខេត្តក្រចេះផងដែរ។

ក្រោយការសាកសួររួច, សមត្ថកិច្ចបានឃាត់ខ្លួនបុរសនោះពីបទប្រើប្រាស់អាវុធខុសច្បាប់ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់របស់កម្ពុជា។

ads banner