រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន

ឯកឧត្ដម ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលស្វាគមន៍ ឯកឧត្ដមរដ្ឋមន្ត្រី ជាលើកទី២។

តាមរយៈលិខិត ឯកឧត្ដម ឡយ ជេម អូស្ទីន បានសូមថ្លែងអំណរ គុណសម្តេចតេជោ ហ៊ុន សែន ដែលបានស្វាគមន៍ឯកឧត្តមនៅកម្ពុជាជាលើកទីពីរ។ ឯកឧត្តមមានសេចក្តីរីករាយដែលបានជួបសម្តេចតេជោជាថ្មីម្តងទៀត។

ដូចដែលឯកឧត្តមបានលើកឡើងនៅក្នុងជំនួបជាមួយសម្តេច សហរដ្ឋអាមេរិកនៅតែមានចំណាប់អារម្មណ៍ធ្វើការជាមួយសម្តេចប្រធាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ សង្ឃឹមថាសហរដ្ឋអាមេរិក អាចជួយកម្ពុជា ពង្រឹងសន្តិសុខរបស់ខ្លួន ទៅតាមរបៀបដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា។

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកបានវាយតម្លៃខ្ពស់ចំពោះចម្លើយដ៏ស្មោះត្រង់មិនលាក់លៀមរបស់សម្តេចចំពោះសំណូមពរបស់ឯកឧត្តម។ ឯកឧត្តមសង្ឃឹមថា នឹងបន្តកិច្ចពិភាក្សាអំពីមធ្យោបាយដ៏ល្អបំផុត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ហើយខ្ញុំទន្ទឹងរង់ចាំនូវទំព័រថ្មីនេះនៃទំនាក់ទំនងការពារជាតិរបស់ប្រទេសយើងទាំងពីរ៕
ដោយ៖ពលជ័យ

ads banner