ជួសជុលជណ្តើរឈើចំនួន ៩ទីតាំង នៅរួតទី២ របស់ប្រាសាទអង្គរវត្តដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកទេសចរ
(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ៖ ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរាបានធ្វើការ ជួសជុលពង្រឹងជណ្តើរឈើមានចំនួន៩ទីតាំង ស្ថិតនៅរួតទី២ របស់ប្រាសាទអង្គរវត្ត ដែលរៀបចំធ្វើឡើងសម្រាប់ឱ្យភ្ញៀវទេសចរដើរឡើង-ចុះ ជំនួសឱ្យការជាន់ជណ្តើរថ្មដោយផ្ទាល់ ដើម្បីកាត់បន្ថយសំណឹក និងសុវត្ថិភាពភ្ញៀវទេសចរផង ។
យោងតាមអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី២៧ ខែមិថុនានេះថា កាំជណ្តើរឈើទាំងនេះ រងការខូចខាតដោយសារអាកាសធាតុ និងអាយុកាល ។ ហេតុនេះក្រុមការងារបានធ្វើការផ្លាស់ប្ដូរផ្នែកដែលទទួលរងខូចខាត ដើម្បីជួសជុលពង្រឹងឱ្យរឹងមាំឡើងវិញ ។ ក្នុងនេះគេបានធ្វើការប្តូរកូនគីង្គក់ និងមេក្រោមរបស់កាំជណ្តើរដែលពុកមួយចំនួន ។ ការថែទាំជាប្រចាំនេះ ដើម្បីសោភ័ណភាព និងសុវត្ថិភាពភ្ញៀវទេសចរឡើង-ចុះ ឆ្លងកាត់ទៅទស្សនារួតបាកាន្តរាប់រយនាក់ជារៀងរាល់ថ្ងៃ ៕
ដោយ ៖ ម៉ាដេប៉ូ