សម្តេចធិបតី អំពាវនាវឱ្យម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម បន្តកិច្ចសហការជាមួយក្រសួងឧស្សាហកម្ម ដើម្បីជំរុញវិស័យនេះ ឱ្យក្លាយទៅជាខឿន នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា

(ភ្នំពេញ)៖ យោងតាមសារលិខិត ក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងភាគីពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការគាំទ្រដល់ការដឹកនាំនិងសម្របសម្រួលរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញវិស័យនេះឱ្យក្លាយទៅជាខឿននៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ។

ក្នុងសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែង នូវក្តីសោមនស្សក្រៃលែង និងសូមចូលរួមអបអរសាទរ «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ឆ្នាំ២០២៤» ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធអេកូឡូស៊ី សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់កំណើនកាន់តែប្រសើរ Better MSMEs Ecosystem for Better Growth»។ មហាសន្និបាត អង្គការសហប្រជាជាតិ បានបង្កើតទិវា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs Day) ដោយកំណត់យកថ្ងៃទី២៧ នៃខែមិថុនា ជារៀង រាល់ឆ្នាំ ដើម្បីរួមចំណែកសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ និងធានាបាននូវ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិស្ថានប្រកបដោយបរិយាបន្ន និងនិរន្តភាព។

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ លេខ១៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កំណត់យកថ្ងៃទី២៧ ខែមិថុនា រៀងរាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីលើក កម្ពស់និងផ្តល់តម្លៃដល់វិស័យនេះ ដែលជាមូលដ្ឋានគ្រឹះ និងកម្លាំងចលកររុញច្រានកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ វិស័យនេះ គ្របដណ្ដប់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ និងផ្ដល់នូវអត្ថប្រយោជន៍ជូនប្រជាជន និងធុរជនគ្រប់រូប តាមរយៈការបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះ ឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។

សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នាអាណត្តិកន្លងមក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រនិងវិធានការគាំទ្រនានា ដើម្បីអភិវឌ្ឍន៍ វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាសក្ខីភាព បញ្ជាក់ឱ្យឃើញអំពី ការផ្តោតការយកចិត្តទុកដាក់ និងផ្តល់នូវសារៈសំខាន់ចំពោះវិស័យនេះ ។

សម្ដេចបន្ថែមថា ទោះបីបាននិងកំពុងប្រឈមក្នុង បរិការណ៍នៃការប្រកួតប្រជែងនៃការធ្វើពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌតំបន់និងសកល ក៏ដូចជាភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិត ការផ្គត់ផ្គង់ និងការផ្តល់សេវា ហើយកំពុងខិតខំអភិវឌ្ឍ និងវិវត្តខ្លួន ឱ្យឆ្លើយតបទៅនឹងនិន្នាការថ្មីៗ ជាពិសេស គឺរបត់នៃការប្រែប្រួលផ្នែកលក្ខខណ្ឌតម្រូវរបស់ទីផ្សារ លក្ខខណ្ឌតម្រូវផ្នែកបរិស្ថាន និងការវិវត្តនៃបច្ចេកវិទ្យា ៕

ដោយ ៖ វណ្ណ លុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner