ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជំរុញឱ្យមានការចូលរួមទាំងអស់គ្នាលើកិច្ចការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាឱ្យមាននិរន្តរភាព
(ភ្នំពេញ)៖ កម្ពុជា មានធនធានធម្មជាតិយ៉ាងសំបូរបែប ដែលយើងជាខ្មែរត្រូវចូលរួមផ្សព្វផ្សាយឱ្យពិភពលោកបានដឹង បានយល់ ជាពិសេសអំពីការខិតខំប្រឹងប្រែងកន្លងមករបស់ក្រសួង និង អង្គការដៃគូលើការងារនេះ។ជាមួយគ្នាយើងទាំងអស់គ្នាត្រូវរួមគ្នាក្នុងកិច្ចការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាឱ្យបានមាននិរន្តភាព។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លើកឡើងក្នុងពិធីបើកសម្ភោធទិវាយល់ដឹងពីទន្លេមេគង្គ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ឱ្យដឹងថា ការសហការល្អ ធ្វើការជាមួយគ្នា ទាំងរដ្ឋ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ គឺចាំបាច់ណាស់ ដើម្បីទទួលបានប្រសិទ្ធភាពការងារខ្ពស់ ក្នុងការធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស ដើម្បីនិរន្តរភាពធនធានធម្មជាតិរបស់យើង។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញពីសុទិដ្ឋិនិយម និងស្វាគមន៍ចំពោះភាពរីកចម្រើន ការកើនឡើងនៃសត្វផ្សោតដែលជារតនសម្បត្តិជាតិ ព្រមទាំងធនធានជលផលដទៃទៀតនៅកម្ពុជាផងដែរ ៕
ដោយ ៖ ម៉ាដេប៉ូ